
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ូ វ៉ាន់ធួង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសមនៅរសៀលថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា ចាត់ទុកវត្តមានរបស់គណៈប្រតិភូ ដែលបានមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ នឹងរួមចំណែក បន្ថែមទៀតក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង បក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែម មួយកម្រិតទៀត។
ឯកឧត្តម វ៉ូ វ៉ាន់ធួង បានគោរពជម្រាបជូន សម្ដេចប្រធានរដ្ឋសភាថា ឯកឧត្តម និងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺស្របពេលជាមួយនឹងខួប ៥៥ឆ្នាំនៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងវៀតណាមផង និងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ជាងនេះទៅទៀតដំណើរទស្សនកិច្ចនេះ មានទិសដៅសំខាន់ ធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនងរវាងបក្ស ប្រទេសនិងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវមោទកភាពនិងរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពីណៃ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងវិបុលភាព សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោក។
សូមជម្រាបថា ឆ្នាំ២០២២នេះ ជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។ ប្រទេសទំាងសង បានរៀបចំព្រឹត្តិការណ៍ផ្សេងៗ រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនំាជាន់ខ្ពស់ គ្រប់កម្រិត ក្នុងន័យអបអរសាទរខួប នៃឆ្នំាមិត្តភាពនេះ៕ អត្ថបទ៖ រដ្ឋសភា


