កណ្ដាល ៖ នៅថ្ងៃឈប់សំរាកចុងសបា្តហ៍ យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជនទូទាំងនៅក្នុងខេត្តកណ្តាល គឺបាននិងកំពុងដំណើរការចាក់ជាធម្មតា ហើយការចាក់នោះ គឺមានធ្វើឡើង នៅតាមមន្ទីរបង្អែកក្រុងស្រុកទាំង១១ និងមានពង្រីកការចាក់នៅតាមមណ្ឌលសុខភាពចំនួន១១ កន្លែងទៀត ដែលនៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សម្រាប់ការពង្រីកចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅមណ្ឌលសុខភាពនេះ បើតាមបណ្តាព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅដែលបានអញ្ជើញចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពស្វាយរលំសង្កាត់ស្វាយរលំក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១០ ខែមេសានេះថា ពលរដ្ឋមានសប្បាយរីកខ្លាំងណាស់ ខណៈ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានកំណត់យកខេត្តកណ្តាលខេត្តអាទិភាពទី២ បន្ទាប់ពីរាជធានីភ្នំពេញ ផ្តល់ឱកាសឱ្យពលរដ្ឋទូទៅដែលមានវ័យចាប់ពី១៨ឆ្នាំ ឡើងទៅ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយការចាក់នោះទៀត គឺបានពង្រីកមកដល់មណ្ឌលសុខភាពដែលនៅជិតខ្នងផ្ទះពលរដ្ឋ។
សម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅតាមមណ្ឌលសុខភាពស្វាយរលំនេះដែរ គេសំគាល់ឃើញថា ខេត្តកណ្តាលបានដាក់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១០នាក់ អនុវត្តដំណើរការចាក់វ៉ាក់សាំង ហើយនិងមានការចូលរួមស្ម័គ្រចិត្តពីក្រុងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ ជួយរៀបចំចុះឈ្មោះ រក្សាគន្លាត វ៉ាក់សាំងកំដៅ និងរក្សាអនាម័យ ការពារកូវីដ១៩ ដែលធ្វើទិដ្ឋភាពការចាក់ មិនមានការកកស្ទះ មិនប្រជ្រៀតគ្នាជាដើម។
សូមបញ្ជាក់ថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមេសានេះ នៅក្នុងខេត្តកណ្តាល បានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ប្រមាណជាង៦ម៉ឺនដូស សម្រាប់ដំណើរការចាក់ជូនពលរដ្ឋទូទៅនៅក្នុងខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលកូវីដ១៩នៅក្នុងសហគមន៍៕
អត្ថបទ ៖ ស៊ុម សុខជា