
ភ្នំពេញ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ មានបងប្អូនប្អូនប្រជាពលរដ្ឋ ដែលជាអតីតរស់នៅតំបន់អង្គរចំនួនជិត ៩ពាន់គ្រួសារហើយ ដែលពួកគាត់ស្ម័គ្រចិត្តទៅរស់នៅ ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
តាមរយៈហ្វេសបុកនាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សូមជូនផែនទីឧទ្យានអង្គរ៖ ពណ៌ក្រហម លំនៅឋានដែលមិនទាន់ស្ម័គ្រចិត្តចាកចេញ, ពណ៌បៃតង លំនៅឋានដែលបានចាប់ឆ្នោតរួច ចំនួន ៨៩៤០គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលស្ថិតនៅក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប»៕


