ស៊ីហ្គេម៖ ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាត្រូវការទីលានស្ដង់ដារយ៉ាងហោច ៤ សម្រាប់បម្រើឲ្យការប្រកួតផ្លូវការលើវិញ្ញាសាបាល់ទាត់បុរស និងនារី ក្នុងនោះមានដូចជាវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានស្ដាតចាស់ និងកីឡដ្ឋានព្រីនស៍ជាដើម។ ប៉ុន្ដែមានទីលានមួយចំនួនកំពុងដំណើរការជួសជុល ក៏ដូចជាគ្រោងធ្វើការផ្លាស់ប្ដូរស្មៅថ្មី ដូចជាពហុកីឡដ្ឋានជាតិ និងវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោជាដើម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា បច្ចុប្បន្នទីលាននៃពហុកីឡដ្ឋានជាតិ ឬស្ដាតអូឡាំពិកកំពុងដំណើរការជួយជុល ដោយផ្លាស់ប្ដូរពីស្មៅសិប្បនិម្មិតទៅស្មៅធម្មជាតិវិញ ហើយខែវិច្ឆិកាខាងមុខនឹងធ្វើការបំពាក់កៅអីថ្មីជុំវិញប្រមាណជាង ៣៥,០០០កៅអី។ រីឯទីលានបាល់ទាត់ក្នុងវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោវិញ ក៏គ្រោងនឹងធ្វើការផ្លាស់ប្ដូរស្មៅថ្មីដែរដើម្បីឲ្យស្របតាមលក្ខខណ្ឌ FIFA បន្ទាប់ពីការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដែលជំរុញឲ្យបានដាច់ខាតនូវស្ដង់ដារកីឡាតែមួយរបស់អន្ដរជាតិ ដើម្បីសេចក្ដីថ្លៃថ្នូរ និងឲ្យស័ក្ដិសមកិត្តិយសជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕
អត្ថបទ៖ លី ឈុនឡា