អ៊ីរ៉ង់៖ ក្រុមមន្ត្រីជាន់ខ្ពស់ ២រូប និងអ្នកការទូតអ៊ីរ៉ង់ ២រូបបានប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់បានសន្យាផ្ដល់មីស៊ីលបាញ់ពីផ្ទៃដីទៅផ្ទៃដីទៅឲ្យរុស្ស៊ី បន្ថែមពីលើការផ្គត់ផ្គង់យានដ្រូនបន្ថែមទៀត ជាសកម្មភាពមួយដែលទំនងជាខឹងសម្បាសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត។

កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា នៅពេលដែលអនុប្រធានាធិបតីទី១ របស់អ៊ីរ៉ង់លោក Mohammad Mokhber និងមន្ត្រីជាន់ខ្ពស់ ២រូបមកពីឆ្មាំបដិវត្តដ៏មានអំណាចរបស់អ៊ីរ៉ង់ និងមន្ត្រី ១រូបមកពីឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិបានទៅទស្សនកិច្ចទីក្រុង Moscow ដើម្បីពិភាក្សាជាមួយរុស្ស៊ីអំពីការដឹកជញ្ជូនអាវុធ។ អ្នកការទូតម្នាក់ក្នុងចំណោមក្រុមអ្នកការទូតអ៊ីរ៉ង់ ដែលត្រូវបានរាយការណ៍ពីដំណើរនេះបាននិយាយថា រុស្ស៊ីបានស្នើយានដ្រូន និងមីស៊ីលបាលីស្ទីកបន្ថែមទៀតរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កើនសមត្ថភាពវាយប្រហារចំគោលដៅជាក់លាក់ ពិសេសប្រភេទមីស៊ីល Fateh និង Zolfaghar។
ក្រុមមន្ត្រីលោកខាងលិចម្នាក់ដែលបានរាយការណ៍ លើបញ្ហាត្រូវបានបញ្ជាក់នេះនិយាយថា មានកិច្ចព្រមព្រៀងមួយបានធ្វើឡើងរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងការផ្ដល់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីបាញ់ពីផ្ទៃដីទៅផ្ទៃ រួមទាំងមីស៊ីល Zolfaghar។ យានដ្រូនមួយក្នុងចំណោមយានដ្រូនជាច្រើន ដែលអ៊ីរ៉ង់បានព្រមព្រៀងផ្គត់ផ្គង់គឺយានដ្រូនអត្តឃាត Shahed-136 ដែលត្រូវបានប្រើប្រាស់យានដ្រូនអត្តឃាត ជាយានវាយប្រហារពីអាកាសទៅលើដី។ យានដ្រូនប្រភេទនេះមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូច ដែលមានវិសាលភាពបំផ្លិចបំផ្លាញខ្លាំង។ អ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារយ៉ាងសន្ធាប់របស់រុស្ស៊ី ដោយប្រើយានដ្រូនអត្តឃាត Shahed-136 ផលិតដោយអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ៕
អត្ថបទ៖ សុខមាន