វាយកូនបាល់៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បន្ដធ្វើបានយ៉ាងល្អក្នុងយុទ្ធនាការប្រកួត Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានីឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិម៉ុងហ្គោលដីដោយលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅប្រទេសបារ៉ែន។

សម្រាប់ប្រកួតទី២ ក្នុងពូល A នេះក៏មិនខុសពីប្រកួតបើកឆាកដែរ ដោយកម្ពុជាបានយកឈ្នះគូប្រកួតទាំង ៣វិញ្ញាសា ក្នុងនោះវិញ្ញាសាឯកត្តជន កីឡាករ ឡុង សំនៀង បានយកឈ្នះកីឡាករ Undrakh Purevdorj របស់ម៉ុងហ្គោលី ដោយពិន្ទុ ៦-៣ និង ៦-៣ ដូចគ្នា។ រីឯកីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Gundurd Batjargal ដោយពិន្ទុ ៦-០ និង ៦-០ ដូចគ្នា។ រីឯវិញ្ញាសាវាយគូវិញ កីឡាករ ឃ្លាំង ពន្លក ចាប់ដៃគូជាមួយកីឡាករកូនកាត់ខ្មែរ-អាមេរិក Mathew Krusling បានយកឈ្នះក្រុមម៉ុងហ្គោលី កីឡាករ Khatansuikh Batbayar និង Gunburd Batjargbatjargal ដោយពិន្ទុ ៧-៥ និង ៦-៤។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា គ្រងតំណែងកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីយកឈ្នះគូប្រកួត ៣-០ជាប់ៗគ្នា ក្រោយប្រកួតបើកឆាកឈ្នះក្រុមជម្រើសជាតិប៊ូតាន ៣-០ ដូចគ្នាកាលពីដើមសប្ដាហ៍កន្លងទៅ។ សម្រាប់ការប្រកួតវិលជុំចុងក្រោយក្នុងពូល A គឺក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមទួកមេនីស្ថាននាថ្ងៃទី២០ ខែតុលាខាងមុខ។ ការប្រកួតនេះសម្រាប់ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗនឹងឡើងទៅប្រកួតវគ្គខ្វែង ដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ហើយក្រុមជើងឯកនឹងទទួលបានកៅអីក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup 2023 តែម្ដង៕
អត្ថបទ៖ លី ឈុនឡា