ប៉េតង់៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសសាងសង់ទីលានស្ដង់ដារអន្ដរជាតិមួយ សម្រាប់បម្រើឲ្យការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កាលពីថ្មីៗ។
ឯកឧត្តមបានឲ្យដឹងថា គម្រោងសាងសង់ទីលានស្ដង់ដារនេះគឺជាលក្ខណៈកីឡដ្ឋានតូចមួយ ដែលមានទីលានប្រកួតនៅកណ្ដាល ហើយមានកៅអីអង្គុយទស្សនាព័ន្ធជុំវិញ ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៨០០ ទៅ ៩០០នាក់។ គម្រោងនេះនឹងចាប់ផ្ដើមសាងសង់ក្នុងសប្ដាហ៍នេះ ក្រោមជំនួយរបស់គណៈកម្មាធិការជាតិ CAMSOC ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានគូសបញ្ជាក់ថា តាមរយៈសមិទ្ធផលថ្មី ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនេះ នឹងជំរុញឲ្យកីឡាប៊ូល និងប៉េតង់កម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ។
គួរដឹងថា ទីលានស្ដង់ដារលក្ខណៈបិទជិតដែលសហការសាងសង់រវាងសហព័ន្ធ និងផ្គត់ផ្គង់ដោយគណៈកម្មាធិការជាតិ CAMSOC នេះគឺស្ថិតនៅជាប់នឹងទីលានប៊ូល និងប៉េតង់ស្ថិតក្នុងពហុកីឡដ្ឋានជាតិនាពេលបច្ចុប្បន្ន។ តាមការបញ្ជាក់ទីលានថ្មីនេះគឺសម្រាប់បម្រើឲ្យតែការប្រកួតវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ខណៈការប្រកួតជម្រុះនឹងត្រូវប្រកួតនៅទីលានខាងក្រៅ ដែលធ្លាប់ទទួលរៀបចំការប្រកួតអន្ដរជាតិជាច្រើនមកហើយ ក្នុងនោះក៏មានការប្រកួតជើងឯកពិភពលោកម្ដងផងដែរកាលពីឆ្នាំ២០១៩ កន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា