បាល់ទាត់៖ ក្លិប Omonia Nicosia បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកលោក Neil Lennon ចេញពីតំណែងហើយក្រោយដឹកនាំបាន ៧ខែ។ ក្លិបបាល់ទាត់នៅក្របខណ្ឌលីគកំពូលស៊ីបមួយនេះបានប្រកាសភ្លាមៗ ពីការបញ្ចប់តំណែងអតីតខ្សែបម្រើ Celtic រូបនេះក្រោយចាញ់ Nea Salamis ធ្លាក់ដល់លេខ៧ នៃក្របខណ្ឌលីគកំពូល។
មុននេះដែរ Omonia Nicosia បានរងបរាជ័យ ២ប្រកួតផ្ទួនៗផងដែរនៅក្របខណ្ឌ UEFA Europa League ក្រោមថ្វីជើង Manchester United ទាំងក្នុង និងក្រៅដី។ ថ្វីបើដឹកនាំបានត្រឹម ៧ខែលោក Neil Lennon បានជួយ Omonia Nicosia ឈ្នះជើងឯក Cypriot Cup កាលពីខែឧសភារដូវកាលមុន ក្រោយចូលកាន់តំណែងបានត្រឹម ២ខែ។ មុនមកដឹកនាំ Omonia Nicosia លោក Neil Lennon ធ្លាប់ដឹកនាំ Celtic ចំនួនពីរលើកឈ្នះជើងឯកសំខាន់ៗ ១០លើកដូចជា Scottish Premiership ២លើក, Scottish Cup ២លើក និង League Cup ១លើកផងដែរ៕
អត្ថបទ៖នាង សុភាវុធ