ឧត្ដរមានជ័យ ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការអំពាវនាវ ដល់ អតីតយុទ្ធជនទាំងអស់ ដែលមិនមានបញ្ហាសុខភាព ឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបាន គ្រប់គ្នា ដោយកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដែលចោទថា វ៉ាក់សាំងរបស់ប្រទេសចិន ពេលចាក់ហើយ ធ្វើឲ្យមានបញ្ហាដល់សុខភាព។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន និងគ្រួ សារ នៅខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែមេសា ម្សិលមិញ ត្រូវបានអមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន ផងនោះ ឯកឧត្តម គន់ គីម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសអតីតយុទ្ធជន ឲ្យបានគ្រប់គ្នា។
ឯកឧត្តម បានបញ្ជាក់ថា វាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាល នៅតែគិតគូរចំពោះអតីតយុទ្ធជន និងគ្រួសារ មិនមានបោះបង់អ្នកណាមួយចោល នោះឡើយ។
ឯកឧត្តម គន់ គីម និងក្រុមការងារ បានថ្លែងនូវសារនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជនទាំងអស់គ្នា ដោយសម្តេច ក៏បានជូនពរដល់អតីត យុទ្ធជនទាំងអស់ ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ តាមរយៈការអនុវត្តនូវវិធានការអនាម័យផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម បានឱ្យដឹងថា នៅក្នុងខេត្តប៉ៃលិន ក្រុមការងារ ក៏នឹងរៀបចំសាងសង់ផ្ទះជូនអតីតយុទ្ធ ជន ដែលមានដី តែគ្មានផ្ទះ នៅពេលក្រោយ តាមរយៈលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន កិត្តិយសអតីតសមាគមយុទ្ធជនកម្ពុជាខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានថ្លែងអំណរគុណចំពោះសម្ដេចទាំងទ្វេរ តាមរយៈឯកឧត្តម គន់ គីម ដែលសម្ដេច បានគិតគូរអំពីអតីតយុទ្ធជននៅក្នុងខេត្តប៉ៃលិន ដែលមានការផ្ដល់នូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត៕
អត្ថបទ៖ បាន សុខរិទ្ធ