ភ្នំពេញ៖ កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ បង្កការជន់លិចផ្ទះសម្បែងពលរដ្ឋមួយចំនួន បានស្រកអស់ទៅវិញហើយ។
ពលរដ្ឋមួយចំនួន ដែលផ្ទះមានការជន់លិចខ្លាំងរយៈពេលជាង ១សប្ដាហ៍មុន ក៏បានចូលទៅរស់នៅក្នុងផ្ទះវិញ ខណៈពលរដ្ឋមួយចំនួនរង់ចាំដីភក់ក្រោមផ្ទះមានការស្ងួតរឹងសិន។
ទឹកស្ទឹងព្រែកត្នោត ដែលមានការហក់ឡើងខ្ពស់ បង្កការជន់លិចផ្ទះសម្បែងពលរដ្ឋមួយចំនួនរស់នៅជាប់នឹងមាត់ស្ទឹង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ បានស្រកអស់ទៅវិញហើយ។ ពលរដ្ឋក្នុងភូមិសាស្រ្ត សង្កាត់ព្រៃវែង ដែលមានការជន់លិចខ្លាំងជាងគេ ហើយបានជម្លៀសមកសាងសង់តង់ រស់នៅជាបណ្ដាអាសន្ននៅលើទំនប់ មួយចំនួនក៏បានត្រឡប់ទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញ។
ប៉ុន្តែគ្រួសារមួយចំនួន គឺនៅបន្តស្នាក់នៅជាបណ្ដោះអាសន្នលើទំនប់នៅឡើយ ដោយពួកគាត់រង់ចាំដីភក់ក្រោមផ្ទះ ដែលបង្កដោយទឹកស្ទឹង ស្ងួតរឹង ងាយស្រួលធ្វើដំណើរសិន។
ពួកគាត់មើលឃើញថា ការជន់លិចក្នុងឆ្នាំនេះ គឺឆាប់ស្រកទៅវិញ មិនដូចការលិចរាល់ឆ្នាំនោះទេ។ ពួកគាត់បន្តថា ស្ទឹងត្រូវបានស្ដារ និងមានការកាយសំរាម ស្មៅ ចេញបានស្អាត ទើបទឹកអាចហូរបានលឿន។
បើផ្អែកលើអាកាសធាតុក្នុងពេលបច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT)ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយ ឥទ្ធិពលនៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាមនៅថ្ងៃទី២១ខែតុលា ។
ចាប់ពី ថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ តំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះបណ្តរាជធានី-ខេត្ត នៅភាគខាងក្រោមនិងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច ។ ចំពោះតំបន់ខ្ពង់រាបវិញ ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ ។
បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ រីឯតំបន់មាត់សមុទ្រ ៖ អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕ អត្ថបទ៖គឹមហុក