កាតា៖ រដ្ឋមន្ត្រីក្រសួងថាមពលកាតាបានព្រមានថា ខណៈលោកខាងលិចគួរតែមានឧស្ម័នគ្រប់គ្រាន់សម្រាប់ថាមពល និងកម្ដៅខ្លួននៅរដូវរងានេះ បញ្ហាប្រឈមកាន់តែយ៉ាប់យ៉ឺននឹងកើតឡើងនៅក្នុងឆ្នាំ២០២៣ ស្របពេលថាមពលបម្រុងនឹងត្រូវប្រើប្រាស់អស់។

បណ្ដារដ្ឋាភិបាលអឺរ៉ុបឈឺក្បាលដោយសារការបរាជ័យ ក្នុងការដោះស្រាយវិបត្តិថាមពលដែលចេះតែកើនឡើង។ ក្រុមមេដឹកនាំសហភាពអឺរ៉ុបប្រាប់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យអត់ធ្មត់ ខណៈតម្លៃថាមពលបន្តហក់ឡើងឥតឈប់ ស្របពេលបរាជ័យដោះស្រាយគោលនយោបាយសេដ្ឋកិច្ចទូទាំងប្លុកនេះ។ លោក Saad al-Kaabi និយាយថា ស្ថានភាពនឹងរឹតតែធ្ងន់ធ្ងរខ្លាំងថែមទៀតនៅឆ្នាំក្រោយ ប្រសិនបើមានរដូវរងាខ្លាំង ដោយបន្ថែមថា វិបត្តិថាមពលរដ្ឋអាចនឹងបន្តដល់កន្លះទសវត្សរ៍ទៀត បើសង្គ្រាមរបស់លោក Vladimir Putin ក្នុងអ៊ុយក្រែននៅតែបន្ត និងមិនព្រមចាប់ផ្ដើមបង្ហូរឧស្ម័នមកវិញទៀតពីរុស្ស៊ីនោះ។ លោក Kaabi ដែលជាប្រធានក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរដ្ឋ QatarEnergy បាននិយាយថា រដូវរងានៅឆ្នាំនេះគ្មានបញ្ហាទេ ព្រោះសមត្ថភាពផ្ទុកពេញនៅឡើយ។ ការបម្រុងទុក ឬការស្តុកទុកមានគ្រប់គ្រាន់ ប៉ុន្តែនៅឆ្នាំក្រោយនឹងជួបបញ្ហាមិនខាន។ ដូច្នេះនៅឆ្នាំក្រោយ និងឆ្នាំខាងមុខៗទៀតរហូតដល់ឆ្នាំ២០២៥ នឹងជួបបញ្ហា។
បណ្ដាប្រទេសជាច្រើននៅអឺរ៉ុបបានជួបពិភាក្សាជាមួយប្រទេសកាតា ដែលជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវធំបំផុតរបស់ពិភពលោក ខណៈពួកគេព្យាយាមកាត់ផ្ដាច់ការនាំចេញឥន្ធនៈហ្វូស៊ីលពីរុស្ស៊ី។ ប៉ុន្តែលោកបានព្រមានថា លោកមិនអាចស្រមៃទេពីអនាគត ជាទីដែលគ្មានការបង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប។ រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រមាណ ១៥៥ពាន់លានម៉ែត្រត្រីគុណទៅកាន់បណ្ដាប្រទេសនៅសហភាពអឺរ៉ុបកាលពីឆ្នាំមុន ប្រមាណ ៤០% នៃការប្រើប្រាស់ឧស្ម័នសរុបរបស់ប្លុកនេះ៕
អត្ថបទ៖ សុខមាន