បាល់ទាត់៖ ខ្សែប្រយុទ្ធ Liverpool, Diogo Jota នឹងមិនអាចជួយក្រុមជម្រើសជាតិព័រទុយហ្កាល់បានឡើយនៅ World Cup ឆ្នាំនេះដោយសារបញ្ហារបួសកំភួនជើង នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Liverpool លោក Jurgen Klopp។
កីឡាករវ័យ ២៥ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលាន អំឡុងការប្រកួតដែល Liverpool យកឈ្នះ Manchester City ១-០ កាលពីថ្ងៃអាទិត្យ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះនិយាយថា Jota ត្រូវសម្រាករយៈពេលវែង រឺច្រើនខែដែលនេះជាដំណឹងដ៏អាក្រក់សម្រាប់ Liverpool និងព័រទុយហ្កាល់ ជាពិសេស Jota ខ្លួនឯង។
រំលឹកថា Diogo Jota បានអវត្តមានច្រើនប្រកួតដែរកាលពីចាប់ផ្តើមរដូវកាលថ្មី English Premier League ដោយសាររបួសសរសៃពួរ មុនពេលត្រលប់មកបង្ហាញខ្លួនបានវិញកាលពីដើមខែកញ្ញាពេល Liverpool ស្មើនៅទឹកដី Everton។ Jota ក៏បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ដែរ កាលពីចុងខែកញ្ញាកន្លងទៅដោយបានស៊ុតបញ្ចូលទីក្នុងជ័យជំនះ ៤-០ លើសាធារណរដ្ឋឆែក។ Liverpool ត្រូវជួបក្រុមញញួរធំ West Ham យប់នេះសប្តាហ៍ទី១១ ក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ