ភ្នំពេញ៖ លោកជំទាវ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកការងារយេនឌ័រ បានទៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស ជួយហ្វឹកហាត់ស្ត្រី ដែលមានបំណងចង់ក្លាយជាអ្នកបើកយន្តហោះ (Pilot) ឲ្យមានជំនាញច្បាស់លាស់ដូចជាបុរស ខណៈនៅកម្ពុជាពុំទាន់មានស្ត្រីក្លាយជាអ្នកបើកយន្តហោះនៅឡើយ ។
ក្នុងសំណេះសំណាលជាមួយ យោធិននារីបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បណ្ឌិត ដាំ ដារីនី បានមានប្រសាសន៍ថា ស្ត្រីក្នុងវិស័យការពារជាតិ បានទទួលនូវការលើកតម្កើងជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ ហើយទទួលបានតួនាទី និងមុខតំណែងស្ទើរតែគ្រប់អង្គភាពស្ថាប័នផផងដែរ ។
លោកជំទាវ បានបន្តថា ដោយឡែកនៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក៏មានស្ត្រីជាច្រើនរូប បានទទួលនូវតួនាទី និងមុខតំណែងផ្សេងៗ ប៉ុន្តែយ៉ាងណាស្ត្រីក្នុងអង្គភាពនេះ នៅពុំទាន់មានអ្នកក្លាយជាអ្នកបើកយន្តហោះ ឬពុំទាន់មានចំណេះជំនាញបច្ចេកទេសមួយចំនួន នៅ លើការងារយន្តហោះនេះ ។
លោកជំទាវ ដាំ ដារិនី បានផ្តាំផ្ញើរដល់យោធិននារីក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ស្មោះត្រង់ការពារជាតិមាតុភូមិ ពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញភារកិច្ច និងគោរពឱ្យបានម៉ត់ចត់វិន័យ និងបទបញ្ជារបស់កងទ័ព ។
ជាមួយនោះលោកជំទាវ បានជំរុញផងដែរ ទៅយោធិននារី និងយោធិនបុរសក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ត្រូវទៅពិនិត្យឈ្មោះក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនផ្សេង និងត្រៀមរាល់ឯកសារដើម្បីបម្រើឲ្យការបោះឆ្នោត ឲ្យបានទាំងអស់គ្នា ៕ អត្ថបទ៖ បាន សុខរិទ្ធិ







