ឧត្តរមានជ័យ៖ នាថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ស្តីពីបញ្ហាប្រឈមនានា និងផលប៉ះពាល់ដោយជំនន់ទឹកបានស្រក នៅតាមបណ្តាលក្រុងស្រុកទាំងប្រាំ ដើម្បីធ្វើការស្ដារឡើងវិញ ឱ្យបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពបន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកទៅវិញ នៅតាមបណ្តាលក្រុងស្រុកទាំងប្រាំ របស់ខេត្តឧត្តរមានជ័យ រាល់ហេដ្ឋារចនាសម្ព័ន្ធនានាតាមមូលដ្ឋានកន្លែងខ្លះបានទទួលរងការខូចខាតនិងមានផលប៉ះពាល់ខ្លះៗលើផលដំណាំកសិកម្ម ផ្នែកលើដំណាំដំឡូងមី និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ រួមទាំងផ្លូវក្នុងមូលដ្ឋានផងដែរ។
ឯកឧត្តម បន្តថា ពាក់ព័ន្ធបញ្ហាទាំងអស់នេះ មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក, មន្ទីរដែនដី ត្រូវធ្វើការរួមគ្នាពិនិត្យឡើងវិញរាល់បញ្ហាប្រឈមនានា និងផលប៉ះពាល់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក្នុងការស្ដារឡើងវិញឱ្យបានល្អប្រសើរចំពោះដំណាំស្រូវក៏ដូចជាដំណាំដំឡូងមីដើម្បីស្នើសុំពូជស្រូវទុកចែកជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមក។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ទីរដែនដីធ្វើយ៉ាងណាត្រូវពន្លឿនការកំណាត់ព្រំប្រទល់ នៅតាមបណ្តាលស្រុកមួយចំនួន ដែលមិនច្បាស់លាស់ជាមួយព្រំប្រទល់ស្រុកជាប់គ្នា ត្រូវកំណត់បែងចែកព្រំឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់ខេត្ត៕ អត្ថបទ៖ ឃិន សារិទ្ធ






