បាត់ដំបង៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឱ្យដឹងថា ផ្លូវក្នុងខេត្តបាត់ដំបង បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងចំនួន២៣ខ្សែ ស្មើនឹង២៨៥គីឡូម៉ែត្រ ក្នុងនោះលិចទឹកប្រវែងជិត៦០គីឡូម៉ែត្រ និងខូចខាតធ្ងន់ធ្ងរប្រមាណ២៦គីឡូម៉ែត្រ ។
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ ដំបង កាលពីថ្ងៃទី១៨ ខែតុលាម្សិលមិញ បានចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពផ្លូវជនបទ ដែលរងការខូចខាតដោយ សារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ដើម្បីស្ដារឡើងវិញ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ទោះបីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងនាឆ្នាំនេះមិនសូវធ្ងន់ធ្ងរ ប៉ុន្តែបានបង្កផលប៉ះពាល់ដល់ផ្លូវថ្នល់ច្រើនជាងឆ្នាំមុន ហើយក្រសួង នឹងពន្លឿនការស្ដារឡើងវិញ នៅពេលទឹកស្រកអស់។
តាមរបាយការណ៍ ក្រៅពីផ្លូវថ្នល់ ជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះស្រូវជាង៤ ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង ក្នុងនោះ ផ្ទៃដី ដែលខូចខាត ជាង២ម៉ឺនហិកតា ហើយរដ្ឋបាលខេត្ត បានស្នើសុំពូជស្រូវប្រមាណជាង ១ពាន់តោនពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅចែកជូនដល់ប្រជាកសិករ ស្ដារការដាំដុះឡើងវិញ ៕អត្ថបទ៖ នឿត សុភក្ត្រ