កោះកុង៖ មន្ទីរទេសចរណ៍ខេត្តកោះកុង សហការជាមួយអាជ្ញាធរស្រុកមណ្ឌលសីមា បន្តរួមគ្នាបំផុសសារត្មី អាជីវករ និងពលរដ្ឋគ្រប់ទិសទី ចូលរួមគ្រប់គ្រងសំណល់សំរាមរឹងរាវ នៅតំបន់ឆ្នេរសមុទ្រ ដើម្បីលើកកម្ពស់បរិស្ថានសោភ័ណភាពកាន់តែស្រស់បំព្រង។
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា នេះថា ការពញ្ញាក់ស្មារតីដល់អាជីវករ អ្នកទេសចរ និងយុវជនឱ្យចូលរួមថែរក្សាសម្អាតបរិស្ថានតាមឆ្នេរសមុទ្រប៉ាក់ខ្លងនៅពេលនេះ ក្នុងន័យធ្វើយ៉ាងណាវេចខ្ចប់សំរាមទាំងឡាយទុកក្នុងធុងសំរាមឱ្យត្រឹមត្រូវ ចៀសវាងបោះចោល ពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់។
លោកអភិបាលស្រុកមណ្ឌលសីមា បានអះអាងថា យន្តការអប់រំណែនាំដល់ភាគីពាក់ព័ន្ធពីការចូលរួមទុកសំរាមនេះ ធ្វើឡើងច្រើនណាស់មកហើយ ប៉ុន្តែពលរដ្ឋ និងអ្នកទេសចរមួយចំនួន នៅតែបន្តបោះសំរាមតាមតំបន់ឆ្នេរសមុទ្រដដែល។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានចាត់ទុកថា ការទទួលអាហាររួចរាល់ហើយទុកសំរាមចោលគ្មានការទទួលខុសត្រូវ ជារឿងមិនគួរឱ្យកើតមានដដែលនោះទេ ខណៈរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ប្រឹងប្រែងបំផុសចលនាអប់រំ។
ក្រុមយុវជន ដែលចូលរួមប្រមូលសំរាមនៅតំបន់ឆ្នេរសមុទ្រប៉ាក់ខ្លង បានយល់ឃើញថា សំរាមតែងកើតមាននៅតំបន់ឆ្នេរ ព្រោះតែអ្នកចោលសំរាមមិនទម្លាប់ដៃយកទៅបោះចោលក្នុងធុង ដែលធ្វើឱ្យសោភ័ណភាពនៅរមណីយដ្ឋានទេសចរណ៍មួយនេះ មិនល្អ ។ ដើម្បីឱ្យសម្រស់រមណីយដ្ឋានទេសចរស្អាត លុះត្រាមានស្មារតីទទួលខុសត្រូវទុកដាក់សំរាមឱ្យមានរបៀបរៀបរយល្អ ។
បញ្ហាសំរាមគ្រប់ទិសទី ចាំបាច់ទាមទារឲ្យមានការសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ទេសចរណ៍ និងទទួលបានចំណូលពីវិស័យនេះ ក្រោយជំងឺកូវីដ-១៩បានធូរស្រាលដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ៕អត្ថបទ៖ ឈឹម មករា