បាល់ទាត់៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិបានគ្រងជើងឯកពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី២ ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះក្រុមវិទ្យាល័យឥន្ទ្រទេវី ដែលជាក្រុមជើងឯកឆ្នាំចាស់ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េកាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
គួរដឹងថា ការប្រកួតជើងឯកវិទ្យាល័យឆ្នាំ២០២២ បានចាប់ផ្ដើមឡើងវិញ ក្រោយខនខានរយៈពេល ២ឆ្នាំដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ ការបើកទំព័ររដូវកាលថ្មីនេះគឺមានក្រុមវិទ្យាល័យចំនួន ១២ ចូលរួម ហើយបានចំណាយពេលប្រកួតចំនួន ១៤សប្ដាហ៍ បើគិតចាប់ពីថ្ងៃទី១៣ ខែកក្កដារហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលជាជំនួបកាត់សេចក្ដីរវាងក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ និងក្រុមវិទ្យាល័យឥន្ទ្រទេវីនៅថ្ងៃពុធសប្ដាហ៍នេះ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមទាំង២ បានបើកការប្រយុទ្ធលើសមរភូមិវាលស្មៅយ៉ាងជក់ចិត្ត ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់។ វគ្គទី១ ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិបានបើកការនាំមុខក្រុមជើងឯកឆ្នាំចាស់ ២គ្រាប់មុន មុនពួកគេបន្ថែមគ្រាប់ទី៣ នៅវគ្គទី២។ រីឯក្រុមវិទ្យាល័យឥន្ទ្រទេវីបានព្យាយាមវាយបករហូតរកបាន ១គ្រាប់ប៉ុណ្ណោះនៅចុងវគ្គទី២ ហើយបានរក្សាលទ្ធផលនេះដល់ចប់ការប្រកួតតែម្ដង ដោយក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិបានយកឈ្នះក្រុមវិទ្យាល័យឥន្ទ្រទេវី ៣-១ ដូចកាលពីក្រុមទាំងពីរជួបគ្នាក្នុងវគ្គជម្រុះដែរ។
ជាមួយការដណ្ដើមបានជ័យលាភីនេះដែរ សម្រាប់ក្រុមជើងឯកគឺក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិបានទទួលពាន ១ អមប្រាក់រង្វាន់ចំនួន ៦០លានរៀលដែលប្រគល់ដោយឯកឧត្តម ហ៊ុន ម៉ានី។ រីឯចំណាត់ថ្នាក់លេខ២ ក្រុមវិទ្យាល័យឥន្ទ្រទេវី បានទទួលប្រាក់រង្វាន់ចំនួន ៤០លានរៀល និងចំណាត់ថ្នាក់លេខ៣ ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបានប្រាក់រង្វាន់ ២០លានរៀល។ ចំណែកពានរង្វាន់ Fair-Play គឺបានទៅក្រុមវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ ទទួលបានថវិកាលើកទឹកចិត្ត ៤លារៀល។ ក្រៅពីនេះក៏មានពានរង្វាន់ឯកត្តជនមួយចំនួនទៀតផងដែរ។ សូមបញ្ជាក់ថា ពានរង្វាន់ជើងឯកវិទ្យាល័យបានបង្កើតដំបូងកាលពីឆ្នាំ២០១៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លិបបាល់ទាត់បឹងកេត ដែលអនុញ្ញាត និងគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡាបាល់ជាត់ជាតិ ក៏ដូចជាបណ្ដុះស្មារតីដល់យុវជនឲ្យចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ម្យ៉ាងក៏ដើម្បីជួយបណ្ដុះយុវជនឲ្យសម្រេចគោលដៅ និងសុបិន្ដក្លាយជាកីឡាករអាជីព សម្រិតសម្រាំងធនធានកីឡាករថ្នាលល្អៗ សម្រាប់បន្ដវេន ព្រមទាំងបង្កើតនូវភាពសប្បាយរីករាយ រឹតចំណងមិត្តភាព សាមគ្គីភាព រវាងសិស្សានុសិស្សតាមគ្រឹះស្ថានសិក្សានានាផងដែរ៕
អត្ថបទលី ឈុនឡា