បាល់ទះ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិគុយបានាវេលាម៉ោង ៧យប់នេះនៅសាលទីលានបាល់ទះនៃកីឡដ្ឋានព្រីនស៍ ខណៈសំបុត្រចូលទស្សនាមានតម្លៃ ៨ពាន់រៀលប៉ុណ្ណោះ។
ការប្រកួតមិត្តភាពអន្ដរជាតិនេះត្រូវបានចាត់ទុកជំនួបប្រវត្តិសាស្ដ្រមួយ សម្រាប់វិស័យបាល់ទះកម្ពុជាដែលត្រូវជួបក្រុមខ្លាំងគុយបាដែលជាគីឡូធ្ងន់លំដាប់ពិភពលោក។ តែយ៉ាងណាក្រុមគុយបាដែលត្រូវជួបកម្ពុជាយប់នេះ គឺជាក្រុមយុវជនអាយុក្រោម ២១ឆ្នាំមិនមែនជាក្រុមធំនោះទេ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានគូសបញ្ជាក់ អំឡុងពេលទៅទទួលស្វាគមន៍ដំណើរមកដល់រាជធានីភ្នំពេញរបស់ប្រតិភូ និងក្រុមជម្រើសជាតិគុយបាកាលពីថ្មីៗថា គុយបាបានបញ្ជូនក្រុមយុវជន U21 មកប្រកួតមិត្តភាពជាមួយកម្ពុជា។ តែយ៉ាងណាលោកនៅតែទទួលស្គាល់ពីកម្រិតរបស់ក្រុមខ្លាំងលំដាប់ពិភពលោកនេះ ដ្បិតវិស័យបាល់ទះគុយបាគឺមានភាពរីកចម្រើនខ្លាំង។
អាស្រ័យហេតុនេះ លោកបានចាត់ទុកជំនួបមិត្តភាពនេះគឺជាឱកាសមួយដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការវាស់ស្ទង់សមត្ថភាព និងសិក្សាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ហើយធ្វើការបំពេញបន្ថែមឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមសម្រេចគោលដៅស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ គួរដឹងថា នេះគឺជាជំនួបមិត្តភាពអន្ដរជាតិលើកទី២ របស់កម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ដ្រនៅវៀតណាមកាលពីថ្មីៗ ខណៈប្រកួតមិត្តភាពអន្ដរជាតិដំបូង គឺកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរីក្នុងលទ្ធផល ២-១សិត ក្នុងជំនួបអបអរសាទរពិធីបើកការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា