អ៊ុយក្រែន៖ រុស្ស៊ីបានបាញ់ស្រោចដោយមីស៊ីល និងយានដ្រូនអត្តឃាតលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលនានារបស់អ៊ុយក្រែនអំឡុងសប្ដាហ៍ទី៣៤ នៃសង្គ្រាម ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងបណ្ដាលឲ្យទីក្រុងមួយចំនួនគ្មានអគ្គិសនីប្រើប្រាស់។

លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា ៣០% នៃស្ថានីយថាមពលរបស់អ៊ុយក្រែនត្រូវបានបំផ្លាញ ក្នុងការវាយប្រហារដោយយានដ្រូនចាប់តាំងពីថ្ងៃទី១០ ខែតុលាមក បណ្ដាលឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ លោកបានជំរុញដល់ពលរដ្ឋអ៊ុយក្រែន ឲ្យប្រើប្រាស់ថាមពលអគ្គិសនីតិចតួចនៅពេលល្ងាច។ ក្រុមសម្ព័ន្ធមិត្តអ៊ុយក្រែនបានសន្យាបញ្ជូនប្រព័ន្ធការពារដែនអាកាស និងមីស៊ីលបន្ថែមទៀតទៅឲ្យទីក្រុង Kyiv ខណៈរុស្ស៊ីបើកការវាយប្រហារតាមអាកាសជាថ្មី។

អភិបាលក្រុង Kyiv និយាយថា មនុស្ស ៤នាក់បានស្លាប់នៅពេលយានដ្រូនមួយគ្រឿង ធ្លាក់ចំអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទ។ លោក Vitali Klitschko បាននិយាយថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនចំនួន ២៨គ្រឿង ហើយការផ្ទុះចំនួន ៥លើកត្រូវបានលាន់លឺក្នុងរដ្ឋធានីនេះ។ ក្រុមអាជ្ញាធរអ៊ុយក្រែននិយាយថា យានដ្រូនទាំងនោះត្រូវបានផលិតដោយអ៊ីរ៉ង់ ហើយពួកគេបានជំរុញទីក្រុងតេអេរ៉ង់បញ្ឈប់ការផ្គត់ផ្គង់ឲ្យរុស្ស៊ី។ អ៊ីរ៉ង់បានច្រានចោលពាក្យចោទប្រកាន់ដែលថា ខ្លួនបានផ្គត់ផ្គង់យានដ្រូនទាំងនោះ ហើយរុស្ស៊ីពុំបានអត្ថាធិប្បាយលើបញ្ហានេះឡើយ។ ទីក្រុង Moscow បានទាត់ចោលការចោទប្រកាន់ដែលថា ការវាយប្រហាររបស់ខ្លួនបានដាក់គោលដៅលើជនស៊ីវិល៕
អត្ថបទ៖ សុខមាន