បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានដើរចេញពីទីលានមុនការប្រកួតចប់យប់មិញនេះ នៅពេល Manchester United យកឈ្នះ Tottenham Hotspur ២-០។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានដើរចេញពីទីលាននៅនាទីទី៨៩ ពោលគឺក្រោយពេលដែលលោក Erik ten Hag ផ្លាស់ប្តូរ Christian Eriksen និង Anthony Elanga ចូល មានន័យថា Ronaldo ជាកីឡាករបម្រុងមិនត្រូវបានប្រើប្រាស់។ ក្រោយចប់ការប្រកួតលោក Erik ten Hag និយាយថា បានឃើញ Ronaldo ដើរចេញពីទីលាន តែលោកនឹងនិយាយជាមួយ Ronaldo នៅថ្ងៃបន្ទាប់។ Fred និង Bruno Fernandez រកបានម្នាក់មួយគ្រាប់ក្នុងជ័យជំនះរបស់ Manchester United យប់មិញ ដែលជាបីពិន្ទុដ៏មានសារសំខានៈដើម្បីឈរលេខ៥ ដេញពីក្រោយ Chelsea តែ ១ពិន្ទុ។

Chelsea យប់មិញមិនអាចធ្វើអ្វីម្ចាស់ផ្ទះ Brentford បានឡើយដោយបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០។ ចំណែកឯ Liverpool បានយកឈ្នះក្រុមភ្ញៀវញញួរធំ West Ham ១-០ ដោយគ្រាប់បាល់របស់ Darwin Nunez។ ក្រុមអ្នកមានថ្មី Newcastle ក៏រកបានបីពិន្ទុដែរក្រោយឈ្នះ Everton ១-០ ដោយគ្រាប់បាល់របស់ Almiron និង Southampton យកឈ្នះនៅទឹកដី Bournemouth ១-០៕
អត្ថបទ៖នាង សុភាវុធ