រុស្ស៊ី៖ ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់កំពុងបដិសេធថា រុស្ស៊ីមិនបានប្រើប្រាស់យានដ្រូនផលិតដោយប្រទេសអ៊ីរ៉ង់ ក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។ ប្រទេសអ៊ុយក្រែនកំពុងចោទអ៊ីរ៉ង់ថា បានរំលោភលើបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការបញ្ជូនយានដ្រូនដែលមានសមត្ថភាពអាចហោះបានចម្ងាយ ៣០០គីឡូម៉ែត្រ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំកាលពីថ្ងៃពុធ ដែលស្នើសុំដោយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថា យើងមានឧស្សាហកម្មយានដ្រូនរបស់យើង ដែលផលិតនូវអ្វីដែលយើងត្រូវការសម្រាប់យុទ្ធនាការនេះ។ លោក Saeed Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយថា អ៊ីរ៉ង់បានច្រានចោលយ៉ាងដាច់អហង្ការនូវការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានហេតុផលថា អ៊ីរ៉ង់បានបញ្ជូនយានដ្រូន UAVS សម្រាប់ការប្រើប្រាស់ក្នុងជម្លោះនៅប្រទេសអ៊ុយក្រែន។
ទន្ទឹមនឹងនេះ រដ្ឋបាលរបស់លោក Joe Biden កំពុងគាំទ្រសហភាពអឺរ៉ុប ខណៈដែលខ្លួនប្រមូលភស្តុតាងថា អ៊ីរ៉ង់កំពុងផ្គត់ផ្គង់យានដ្រូនដល់រុស្ស៊ី សម្រាប់ការប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ មន្ត្រី និងអ្នកការទូតបាននិយាយកាលពីថ្ងៃពុធថា សហភាពកំពុងរៀបចំបញ្ជីទណ្ឌកម្មជាការសងសឹក។ រុស្ស៊ីត្រូវបានគេជឿថាបានបញ្ជូនយានដ្រូនShahed ផលិតដោយអ៊ីរ៉ង់ជាបន្តបន្ទាប់ចូលទៅអ៊ុយក្រែន ដើម្បីវាយប្រហាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានពិភាក្សាអំពីការប្រើប្រាស់យានដ្រូនកាលពីថ្ងៃចន្ទ ខណៈដែលប្លុកទាំង ២៧ប្រទេសបានប្រមូលភស្តុតាង អំពីការលក់យានដ្រូនរបស់អ៊ីរ៉ង់ទៅឱ្យរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន