ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ច ប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការបន្តរុករក គាស់ លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាម នៅកម្ពុជាសម្រាប់ឆ្នាំ ២០២២-២០២៣ រវាងគណៈ កម្មការស្រាវជ្រាវ រុករក គាស់ លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តព្រះវិហារ ។
កិច្ចប្រជុំពិភាក្សានេះ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ុង គឹមហ៊ាន ប្រធានគណៈកម្មការនិងជាអភិបាលរងខេត្ត ជាមួយគណៈ កម្មការស្រាវជ្រាវរុករក គាស់ លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តយ៉ាឡាយ ដឹកនាំ ដោយលោកស្រី ង្វៀន ធីថាញ់លិច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ និងជា ប្រធានគណៈកម្មការ ។
ពិធីនេះ ប្រារព្ធធ្វើឡើងនៅអាគារ សាលាខេត្តព្រះវិហារជាន់ទីបី ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក មកពីមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន និង សមាជិកគណៈកម្មការ ខេត្តយ៉ាឡាយជាច្រើនរូបផងដែរ ។
នៅក្នុងកិច្ចប្រជុំនាឱកាសនោះ ប្រធានគណៈកម្មការនៃខេត្តទាំងពីរ ព្រះវិហារ និង យ៉ាឡាយ បានសំណេះសំណាលសួសុខទុក្ខ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នា ទៅវិញទៅមក និងបានលើកឡើងអំពីគោលបំណងរួមគ្នាស្តីពីការអនុវត្តខ្លឹមសារកិច្ចប្រជុំពិភាក្សា ដែលភាគីទាំងពីរឯកភាព ស្តីពីកិច្ចសហការគ្នាធ្វើការ រុករក គាស់លើកអដ្ឋិធាតុកង ទ័ពស្ម័គ្រ ចិត្តវៀតណាម ដែលបានពលីកម្មក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សម្រាប់រដូវប្រាំង ឆ្នាំ២០២២ - ២០២៣ និងបន្តអនុវត្តតាមខ្លឹមសារកិច្ចព្រមព្រៀង និងកំណត់ហេតុរវាងគណៈកម្មការជំនាញ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា - វៀតណាម ព្រមទាំងរក្សា និងពង្រឹងការទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រជាជននៃប្រទេសទាំងពីរ និង ធានាសុវត្ថិភាព ចំពោះកងកម្លាំង គោរពវិធានការ បង្ការនិងទប់ស្កាត់ ការឆ្លងរីករាលដាល ជម្ងឺ កូវីដ-១៩ និងមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមការងារជំនាញ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម យ៉ុង គឹមហ៊ាន ក៏បានលើកឡើងអំពីការ អភិវឌ្ឍន៍រីក ចម្រើនរបស់ខេត្តព្រះវិហារ និងបានជម្រាបជូនអំពីការត្រៀម រៀបចំបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រ នីតិកាលទី៧ របស់ខេត្តព្រះវិហារ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣ ខាងមុខនេះផងដែរ ៕







