កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមនិងមន្ត្រីសាខា និងអនុសាខាកាកបាទក្រហម នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកទន្លេសាប ចំនួន៣១២គ្រួសារ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រាបជូនថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺឱ្យសាខាត្រូវតែគិតគូរយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងទុក្ខវេទនា ដោយសារយើងមិនបានគិតគួរនោះឡើយ។ ជាក់ស្តែងដោយទទួលបានរបាយការណ៍ ពីលោកប្រធានអនុសាខាស្រុកបរិបូណ៌ និងមើលឃើញពីការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ ទើបថ្ងៃនេះក្នុងនាមសាខា និងគណៈកម្មាធិការសាខា សហការជាមួយអនុសាខាស្រុកបរិបូណ៌ បានរៀបចំផ្តល់អំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៣១២គ្រួសារ ដែលរស់នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ កុំឱ្យលេងទឹក និងត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាប្រចាំ និងចេះការពារជំងឺរាតត្បាតផ្សេងៗ ដូចជាជំងឺកូវីត-១៩ជាដើម៕ អត្ថបទ៖ ហុង វាស្នា



