កំពង់ធំ៖ សហគមន៍ផលិតបន្លែ នៅឃុំត្រពាំងឬស្សី និងឃុំកំពង់ស្វាយ ចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែធម្មជាតិ ចំនួន៤០មុខ និងសាច់សត្វស្រស់ (មាន់) ជាមួយក្រុមហ៊ុនផ្សារឯកជន ក្រោមការសម្របសម្រួលដោយ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបង្កើនការដាំដុះឡើងវិញក្នុងរដូវទឹកសម្រក។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២, មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ សម្របសម្រួលកិច្ចចុះកុងត្រា រវាងកសិករក្នុគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា “អេម” (AIMS) ជាមួយក្រុមហ៊ុន ផ្សារស្នាដៃម៉ែ។
ក្នុងឱកាសនោះដែរ លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណ្ជកម្មខេត្តកំពង់ធំ លើកឡើងថា ភាពចាំបាច់របស់ប្រជាកសិករគ្រប់រូបដែលផលិតបន្លែក្តី ឬសាច់សត្វក្តី គឺផ្តោសំខាន់លើការរក្សា បានស្ថេរភាពតម្លៃសមរម្យ ផ្តល់ប្រាក់ចំណេញក្នុងការផ្គត់ផ្គង់ជីវភាព។ នេះគឺជាភាពចាំបាច់មួយតម្រូវមាន ការចុះកុងត្រាទិញលក់រវាងក្រុមអ្នកផលិត និងអាជីវករ។
ក្នុងនោះគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្ម ខ្នាតតូចហៅកាត់ថា “អេម” (AIMS) ស្ថិតក្រោមការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ដែលជាសេនាធិការឲ្យក្រសួងពាណិជ្ជកម្ម កំពុងដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទីផ្សារបន្ថែមជូនកសិករ ដើម្បីទទួលបាននូវទីផ្សារមួយច្បាស់លាស់ លើគ្រប់រដូវកាលនៃការដាំដុះ។
លោក បន្ថែមថា ការអនុវត្តន៍នូវ កិច្ចសន្យាទិញលក់របស់អាជីវករ និងក្រុមកសិករផលិត នៅពេលនេះមានចំនួនបីក្រុមធំ ដែលមានកសិករ ផលិតសរុបចំនួន៨០គ្រួសារ ក្នុងនោះក្រុមអ្នកផលិតសាច់សត្វ (មាន់) ចំនួន២៥គ្រួសារ និងក្រុមអ្នកផលិត បន្លែ ស្លឹក មើម ផ្លែ និងគ្រឿងទេស សរុបចំនួន៥៥គ្រួសារ ដែលសម្រេចផ្គត់ផ្គង់សរុបចំនួន ៤០មុខ។ ហើយ នឹងចាប់ផ្តើមផ្គត់ផ្គង់ ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្របពេលដែលទឹកជំនន់កំពុងស្រកចុះ អំណោយផលដល់ការដាំដុះបន្លែឡើងវិញ។
លោកបន្ថែមថា តាមរយៈការបង្កើនការដាំដុះ ស្វែងរកទីផ្សារជូនអ្នកផលិត គឺជាផែនការនៃការកាត់បន្ថយចំណាកស្រុក និងបំពេញតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែ សាច់សត្វ គ្មានប្រភពច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គ្រប់រូបផងដែរ។ ដូចន្នេះ ក្រុមកសិករទាំងអស់ នៅក្នុងក្រុមនីមួយៗ ត្រូវធ្វើការពិភាពក្សាគ្នា កំណត់ប្រភេទបន្លែផ្សេងៗគ្នា ក្នុងការដាំដុះ ប្រចាំរដូវ ដើម្បីឲ្យការផ្គត់ផ្គង់ លើកិច្ចទទួលបានភាពជោគជ័យ ក្នុងគោលដៅបង្កើនជីវភាព និងពង្រីកទីផ្សារ របស់ខ្លួនផងដែរ។
លោកស្រី សៀង ខៃ ប្រធានក្រុមប្រមូលបន្លែនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ លើកឡើងថា ក្រុមផលិតរបស់លោកស្រី មានកសិកសរុបចំនួន៣៥ គ្រួសារ ដែលបច្ចុប្បន្ន បាន និងកំពុងដាំដុះបន្លែមួយចំនួនរួចរាល់ហើយ ទាំងបន្លែស្លឹក មើម ផ្លែ និងគ្រឿងទេសផងដែរ។ នៅសល់ប្រភេទបន្លែខ្លះ ដែលមិនទាន់មានការដាំដុះ ក្រុមកសិករ នឹងបន្តជម្រុញការដាំដុះ ទៅការផ្តល់បច្ចេកទេស ដោយភាគីខាងផ្សារ រួមជាមួយការចុះផ្តល់ប្រឹក្សា ដោយភ្នាក់ងារគម្រោងផងដែរ៕ អត្ថបទ៖ លី សាងស៊ីន