ប៉េរូ៖ យ៉ាងហោចណាស់មនុស្ស ២១នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅតាមដងផ្លូវនៃទីក្រុង Huanuco ប្រទេសប៉េរូកាលពីសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីតាមការចោទប្រកាន់បានឲ្យដឹងថា ពួកគេបានប្រើប្រាស់គ្រឿងស្រវឹងមានផ្ទុកសារធាតុពុល។
មនុស្សមួយចំនួនត្រូវបានគេបញ្ជូនទៅព្យាបាល ប៉ុន្តែមនុស្សភាគច្រើនបានស្លាប់បាត់ទៅហើយ នៅពេលអាជ្ញាធរបានចុះមកដល់។ អាជ្ញាធរបានចុះពិនិត្យនៅទីផ្សារក្នុងតំបន់ ស្រាវជ្រាវរកប្រភពនៃសារធាតុពុល ដោយប្រមូលយកសំណាកស្រាមានតម្លៃថោកៗជាច្រើនមុខ ដែលត្រូវបានដាក់លក់មកពិនិត្យ។ លោក Vilma Llanto Cuenca នាយកសេវាសុខភាពប្រចាំតំបន់បាននិយាយថា ការធ្វើតេស្តអាចចំណាយពេលមួយសប្តាហ៍ មុនពេលកំណត់អត្តសញ្ញាណស្រាដែលមានសារធាតុពុលនេះ៕
អត្ថបទ៖ ប៊ុនថន