ឧត្តរមានជ័យ៖ សត្វស្លាបចម្រុះគ្រប់ប្រភេទ ចាប់ផ្តើមមានវត្តមានរស់នៅក្នុងតំបន់បឹងស្នោរឡើងវិញ ខណៈអាជ្ញាធរខេត្តបានអភិរក្សការពារតំបន់បឹងស្នោរនេះ មិនឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វនោះឡើយ។
ក្នុងនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានចាត់ទុកតំបន់បឹងស្នោរ ដែលមានផ្ទៃដីរហូតដល់១១១ហិកតា ដែលជាទីតាំងដ៏សំខាន់មួយសំរាប់ធ្វើការអភិរក្សជម្រកសត្វស្លាបចម្រុះគ្រប់ប្រភេទ ដើម្បីជាការទាក់ទាញទេសចរក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។
ឯកឧត្តម បានបន្តថា កន្លងមកនៅក្នុងតំបន់បឹងស្នោរនេះ គេពុំដែលបានឃើញមានវត្តមានប្រភេទសត្វស្លាបចម្រុះទាំងអស់នេះមករស់នៅធ្វើជាជម្រកនៅក្នុងតំបន់នេះឡើយ ប៉ុន្តែដោយសារតែបច្ចុប្បន្នអាជ្ញាធរខេត្តបានធ្វើការអភិរក្ស និងបង្កើនការដាំកូនឈើបន្ថែមគ្រប់ប្រភេទឡើងវិញ នៅក្នុងតំបន់បឹងស្នោរនេះ ដើម្បីជាជម្រកដ៏សំខាន់សំរាប់ទុកឲ្យសត្វស្លាបចម្រុះគ្រប់ប្រភេទមករស់នៅទើបបច្ចុប្បន្នមានវត្តសត្វស្លាបជាច្រើនបានវិលត្រឡប់មករស់នៅធ្វើជាជម្រកក្នុងតំបឹងស្នោរ បានយ៉ាងច្រើនកុះករយ៉ាងដូច្នេះ។
ដោយឡែកលោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្នសត្វស្លាបដ៏កម្រចម្រុះជាច្រើនគ្រប់ប្រភេទ បានមកធ្វើជម្រករស់នៅក្នុងតំបន់បឹងស្នោរដែលជាបឹងធម្មជាតិដ៏ធំមួយរបស់ខេត្តឧត្តរមានជ័យ ក្នុងនោះភាគច្រើនរួមមានប្រភេទសត្វ កុក ក្រសា ប្រវឹក សត្វក្អែក ទាទឹក នាល និងជីវះចំរុះជាច្រើនគ្រប់ប្រភេទទៀត។
ជីវះចម្រុះសត្វស្លាបគ្រប់ប្រភេទទាំងអស់នេះ វាអាចបង្កើតជាការទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងស្រុកនានាផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ