ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាននាំយកគ្រូបង្វឹកលំដាប់អន្តរជាតិ ២រូបមកពង្រឹងការហ្វឹកហាត់ និងសម្រួចសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិប្រដាល់សកលកម្ពុជា ត្រៀមការប្រកួតអន្តរជាតិនានាក្នុងឆ្នាំ២០២១ ពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំនេះ រួមមានគ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Russell Stutely និងគ្រូបង្វឹកសញ្ជាតិគុយបា លោក Felix Merlin។

លោក ប៊ុយ សុភ័ណ្ឌ អ្នកចាត់ការទូទៅសហព័ន្ធបានបញ្ជាក់ថា លោក Russell និងលោក Felix គឺជាគ្រូបង្វឹកកំពុងស្នាក់នៅប្រទេសកម្ពុជាស្រាប់ ហើយអ្នកទាំងពីរក៏មានបទពិសោធន៍ជោគជាំ ក្នុងការបង្ហាត់កាលនៅប្រទេសកំណើត និងប្រទេសមួយចំនួនផងដែរមុនធ្វើដំណើរមកដល់កម្ពុជា។ អាស្រ័យហេតុនេះ សហព័ន្ធក៏សម្រេចជ្រើសរើសគ្រូបង្វឹកកម្រិតអន្តរជាតិទាំងពីរ ដើម្បីធ្វើការជាមួយសហព័ន្ធក្នុងការបណ្ដុះបណ្ដាលក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិនានាតែម្ដង។

គួរដឹងថា បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹក ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា គ្រូបង្វឹកលំដាប់អន្តរជាតិទាំងពីរ បានធ្វើការកោះហៅកីឡាករ-កីឡាការិនី ធ្វើការប្រមូលផ្ដុំហ្វឹកហាត់កាលពីដើមខែមេសាកន្លងទៅ ក្រោមវិធានការដ៏តឹងរ៉ឹងរបស់សហព័ន្ធ ដើម្បីពង្រឹងគុណភាពហ្វឹកហាត់ និងការពារជំងឺកូវីដ-១៩ ពិសេសត្រៀមការប្រកួតអន្តរជាតិនានា ស្របពេលសហព័ន្ធកំពុងស្នើសុំសហព័ន្ធកីឡាប្រដាល់សកលអាស៊ី ដើម្បីបានបញ្ជូនកីឡាករ-កីឡាការិនី ទៅប្រកួតជ្រើសរើសជើងឯកអាស៊ីនៅឥណ្ឌានាខែឧសភាខាងមុខ ក៏ដូចជាត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមនាចុងឆ្នាំ២០២១ នេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា