
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបចរចាទ្វេភាគីនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនារសៀលថ្ងៃទី២០តុលា ប្រធានាធិបតីទីម័រខាងកើត បានថ្លែងអំណរគុណសម្តេចតេជោ រាជរដ្ឋាភិបាលដែលបានគាំទ្រជំរុញសមាជិកភាពរបស់ទីម័រខាងកើតដើម្បីបានចូលជាសមាជិក នៃសហគមប្រជាជាតិអាស៊ានរួមទាំងផ្តល់កិច្ចសហប្រតិបត្តិការដល់ទីម័រខាងកើតលើវិស័យជាច្រើន។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការជាមួយទីម័រខាងកើត ជាពិសេសលើការអភិវឌ្ឍនិងវិស័យដទៃទៀត។
ជាការឆ្លើយតប សម្ដេចតេជោបាន សម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម រ៉ាម៉ូសដែលបានជាប់ឆ្នោតភ្លូតទឹកភ្លូកដី បានកាន់តំណែងជាប្រធានាធិបតីលើកទី២ សំដែងអំណរគុណជូនចំពោះឯកឧត្តម រ៉ាម៉ូស ដែលបានធ្វើការវាយតម្លៃលើទំនាក់ទំនងនៃប្រទេសទាំងពីរដែលឆ្នាំនេះជាខួបទី២០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរហើយជារៀងរាបមកទំនាក់ទំនងនេះបានកើនឡើងជាលំដាប់។
សម្ដេចតេជោ សម្ដែងនូវការស្វាគមន៍ ចំពោះការហោះហើរត្រង់ រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្ដេចបានមានប្រសាសន៍ថាការហោះហើរត្រង់នេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរហើយពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលឯកឧត្តម រ៉ាម៉ូស ចង់ពង្រីកនេះ សម្ដេចតេជោ បានមានប្រសាសន៍ថាគប្បីណាមានអ្នកវិនិយោគពីទីម័រខាងកើតមកវិនិយោគនៅកម្ពុជាលើម៉ាស៊ីនកិនស្រូវម៉ាស៊ីនសំងួតក៏ដូចជាប្រព័ន្ធទិញស្រូវអង្ករពីកម្ពុជា ដើម្បីទិញកិនហើយនាំចេញទៅកាន់ប្រទេសទីម័រខាងកើតតែម្ដង។
សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានបើកឱកាសឲ្យអ្នកវិនិយោគបរទេសធ្វើការវិនិយោគ ១០០% នៅកម្ពុជាហើយនេះជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគទីម័រខាងកើតមកកាន់កម្ពុជា។ ជាងនោះទៅទៀត សម្ដេចតេជោ ក៏បានលើកទឹកចិត្តធ្វើយ៉ាងណាឲ្យមានការជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណាដែលប្រមុខរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខារួចហើយៗក៏បានស្នើសុំឲ្យមាន ការពិនិត្យមើលលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិង សន្តិសុខផងដែរ។
ក្រោយពីជំនួបចរចាទ្វេភាគីជាមួយប្រធានាធិបតីទីម័រខាង កើត សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាលនៃសាធារ ណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និង រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចព្រមព្រៀងស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាស រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត៕អត្ថបទ៖ មុត សុទ្ធ






