សៀមរាប៖ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មករុនតាឯក ស្រុកបន្ទាយស្រី ជាលើកទី៣ នៅព្រឹកថ្ងៃទី២១តុលានេះ សម្តេចតេជោ បានសំដែងការរីករាយចំពោះការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចេញពីតំបន់រមណីយដ្ឋានអង្គរទាំងអស់ដែលគិតមកដល់ថ្ងៃនេះមានអ្នកស្ម័គ្រចិត្តចេញមករស់នៅរុនតាឯកមានជិត ៦ពាន់គ្រួសារហើយ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់រំលឹក ពីមូលហេតុដែលតម្រូវឱ្យមានការផ្លាស់ប្ដូរជាចាំបាច់នេះដោយសារតែរាជរដ្ឋាភិបាលត្រូវតែឆ្លើយតបឱ្យបានតាមលក្ខខណ្ឌតម្រូវរបស់អង្គការយូណេស្កូ ដែលកម្ពុជាយើងបានចុះប្រាសាទ និងតំបន់រមណីដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ មកដើម្បីអភិរក្សាថែរក្សាប្រាសាទអង្គរវត្តប្រាសាទ និងតំបន់រមណីយដ្ឋានអង្គរដែលជាមរតកសម្បត្តិវប្បធម៌ដ៏មានតម្លៃជាសកលដែលបន្សល់ទុកដោយបុព្វបុរស ដូនតាខ្មែរយើងរាប់ពាន់ឆ្នាំមកហើយនោះឱ្យគង់វង្ស។ សម្តេចបញ្ជាក់ថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងរហូតមកដល់ពេលនេះមានអ្នកស្ម័គ្រចិត្តមករស់នៅរុនតាឯកជិត ៦ពាន់គ្រួសារហើយ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ខែសីហា រហូតមកដល់ថ្ងៃទី២០តុលានេះ មានប្រជាពលរដ្ឋ៩.១៣៤គ្រួសារហើយដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីដ្ឋានអង្គរមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី៕ អត្ថបទ៖ មុត សុទ្ធ



