វាយកូនបាល់៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានីឆ្នាំ២០២២ បន្ទាប់ពីដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗក្នុងពូល A គ្រាដែលប្រកួតបញ្ចប់ពូលកាលពីល្ងាចថ្ងៃទី២០ ខែតុលាម្សិលមិញ កម្ពុជាបានយកឈ្នះក្រុមទួកមេនីស្ថានដោយលទ្ធផល ២-១។

ជំនួបបញ្ចប់ពូល A លើទឹកដីប្រទេសបារ៉ែននេះបានបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ ដោយការប្រកួតបើកឆាកសម្រាប់វិញ្ញាសាឯកត្តជនដំបូង កីឡាករកម្ពុជា ឡុង សំនៀង បានយកឈ្នះកីឡាករ Rogusskiy, Y. នៅសិតទី១ ដោយពិន្ទុ ៦-៣ មុនកីឡាករទួកមេនីស្ថានរូបនេះវាយបកយកឈ្នះវិញនៅសិតទី២ និងសិតទី៣ ដោយពិន្ទុ ៧-៥ និង ៦-៣។ យ៉ាងណាក្ដីសម្រាប់វិញ្ញាសាឯកត្តជនទី២ កម្ពុជាកម្ពុជា ប៊ុន កេន្នី បានដណ្ដើមជ័យជម្នះវិញដោយបានយកឈ្នះកីឡាករ Orazmuhamedow Meylis ដោយលទ្ធផល ២-០សិតជាមួយពិន្ទុ ៦-១ និង ៦-០ មុន ប៊ុន កេន្នី ចាប់ដៃគូជាមួយកីឡាករកូនកាត់ខ្មែរ-អាមេរិក Mathew Krusling យកឈ្នះក្រុមទួកមេនីស្ថានដែលមានកីឡាករ Orazmuhamedow Meylis និង Rogusskiy, Y. ដោយលទ្ធផល ២-០សិតជាមួយពិន្ទុ ៦-១ និង ៦-១ ដូចគ្នា។

នេះគឺជាជ័យជម្នះលើកទី៣ ក្នុងពូល A របស់កម្ពុជា បន្ទាប់ពីប្រកួតបើកឆាកឈ្នះប៊ូតាន ៣-០ និងប្រកួតបន្ទាប់ឈ្នះម៉ុងហ្គោលី ៣-០។ តាមរយៈជ័យជម្នះ ៣ប្រកួតផ្ទួនៗនេះ ធ្វើឲ្យកម្ពុជាឈរកំពូលតារាងពូល A ដែលត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយត្រូវជួបក្រុមលេខ១ នៃពូល B គឺក្រុមជម្រើសជាតិសិង្ហបុរីដែលគ្រោងប្រកួតកាត់សេចក្ដីនាថ្ងៃទី២២ ខែតុលាចុងសប្ដាហ៍នេះ ខណៈក្រុមទទួលបានជ័យជម្នះនឹងទទួលបានកៅអីក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup 2023 ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាពីប្រទេសបារ៉ែន ដោយពុំមានការប្រកួតខ្វែងនោះទេ ពោលគឺក្រុមឈរលេខ១ នៃពូល A និងពូល B បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូលនីមួយៗនឹងត្រូវជួបគ្នាដណ្ដើមជើងឯកតែម្ដង៕
អត្ថបទ៖ លី ឈុនឡា