គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ “ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ” រដូវកាលទី៨ ប្រភេទទំងន់ ៦០គីឡូក្រាមនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ការប្រកួតនៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យរបស់អគ្គនាយកដ្ឋានវិទ្យា និងទូរទស្សន៍បាយ័ននឹងពេញដោយអ្នកគាំទ្រមកទស្សនាផ្ទាល់ច្រើនណែនណាន់តាន់តាប់ ដើម្បីគាំទ្រគុនខ្មែរជាពិសេសកីឡាករ ពេជ្រ សម្បត្តិ ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជួបជាមួយកីឡាករថៃ ផាត់ថាណា ស៊ីតអាចានវីន។ ជាពន្លកកីឡាករគុនខ្មែរវ័យក្មេង និងមានបទពិសោធប្រកួតមិនដល់ ២ឆ្នាំផង ពេជ្រ សម្បតិ្ត បានឆក់យកបេះដូងអ្នកគាំទ្រគុនខ្មែរទូទាំងប្រទេស ពីក្មេងម្នាក់ដែលគេមើលស្រាលសមត្ថភាពពេលចាប់ផ្តើមអាជីព រហូតខ្វះមួយជំហ៊ានទៀតប៉ុណ្ណោះដើម្បីគ្រងខ្សែក្រវាត់នៅសង្វៀនដែលមានការគាំទ្រខ្លាំងបំផុតនៅប្រទេសកម្ពុជា។ ជុំវិញការត្រៀមលក្ខណៈមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ពេជ្រ សម្បតិ្ត បានឱ្យដឹងថា ត្រៀមខ្លួនបានល្អដើម្បីនាំយកខ្សែក្រវាត់ជូនអ្នកគាំទ្រគុនខ្មែរ។
ចំណែកគ្រូបង្វឹកផ្ទាល់របស់ ពេជ្រ សម្បត្តិ ដែលជាអតីតកំពូលកីឡាករប្រដាល់គុនខ្មែរមួយរូបគឺលោក ពេជ្រ សុផាន់ជឿជាក់ថា ពេជ្រ សម្បត្តិ អាចធ្វើបាន និងសង្ឃឹមច្រើនទៅលើ ពេជ្រ សម្បត្តិ ក៏ដូចជាអំពាវនាវឱ្យបងប្អូនអ្នកគាំទ្រគុនខ្មែរបន្តគាំទ្រ និងលើកទឹកចិត្តឱ្យ ពេជ្រ សម្បតិ្ត ជោគជ័យថ្ងៃអាទិត្យនេះ។ សូមបញ្ជាក់ថា ក្រៅពីគូពេជ្រ សម្បតិ្តជួបជាមួយ ផាត់ថាណាស៊ីតអាចានវីន នៅវគ្គផ្តាច់ព្រ័ត្រ ក៏នឹងមានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ផងដែរដែលជាជំនួបរវាងអ្នកចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរ ធន់ ផានិត ជួបជាមួយកីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក។ ការប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង ៦ល្ងាចតទៅផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន និងផេកផ្លូវការនៅបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕
អត្ថបទ៖នាង សុភាវុធ