បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo កំពុងស្ថិតក្នុងចំនុចក្តៅជាមួយក្លិបបិសាចក្រហម Manchester United ដែលឈានដល់ការកាត់ឈ្មោះចេញពីបញ្ជីពេលទៅទឹកដី Chelsea ចុងសប្តាហ៍នេះ។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះបានដើរចេញពីទីលានមុនការប្រកួតចប់នៅពេល Manchester United យកឈ្នះ Tottenham Hotspur ២-០ កាលពីយប់ថ្ងៃពុធ។
ក្នុងនាមជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ ជាអ្វីដែលអ្នកគាំទ្រគិតថា Ronaldo សម្រេចចិត្តដើរចេញពីទីលាន តែសារព័ត៌មានអង់គ្លេសមួយចំនួនបានចុះផ្សាយថា មូលហេតុដែលអតីតខ្សែប្រយុទ្ធ Real Madrid រូបនេះដើរចេញពីលានមុនចប់នោះ គឺដោយសារគាត់បដិសេធមិនព្រមដូរចូលនៅចុងម៉ោង នោះទើបដើរចេញតែម្តង។ Ronaldo បានដើរចេញពីទីលាននៅនាទីទី៨៩ ភ្លាមៗបន្ទាប់ពីកីឡាករពីររូបត្រូវបានដូរចូលរួមមាន Christian Eriksen និង Anthony Elanga។ បញ្ហារបស់ Ronaldo កាត់តែក្តៅនៅ Old Trafford ដែលបានបន្សល់នូវអនុស្សាវរីយ៍ដ៏អាក្រក់មួយផងដែរចំពោះអ្នកគាំទ្រ ជាពិសេសចំពោះក្លិបដែលខ្លួនចាប់ផ្តើមអាជីពដ៏ជោគជ័យមកដល់ពេលនេះ។
អ្នកវិភាគបាល់ទាត់ភាគច្រើននៅអង់គ្លេសបានលើកឡើងស្រដៀងគ្នាថា ទង្វើររបស់ Ronaldo បានបង្ហាញពីអាកប្បកិរិយាមិនគោរពចំពោះក្លិប ចំពោះគ្រូបង្វឹក ចំពោះអ្នករាល់គ្នា។ ការសំរេចចិត្តមិនដាក់ឈ្មោះ Ronaldo នៅពេល Manchester United ធ្វើដំណើរទៅទឹកដី Chelsea ចុងសប្តាហ៍នេះរបស់លោក Erik ten Hag ចាត់ទុកថា ជាវិធានការវិន័យមួយតឹងរ៉ឹងតបស្នងទៅលើអ្វីដែល Ronaldo និងជាមេរៀនមួយសម្រាប់កីឡាករផ្សេងទៀតនៅក្នុងក្លិប។ ការធ្វើបែបនេះរបស់អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ បានទទួលការគាំទ្រក្លិប និងអ្នកគាំទ្រភាគច្រើនផងដែរ៕
អត្ថបទ៖នាង សុភាវុធ