អង់គ្លេស៖ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Liz Truss បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ក្រោយបរាជ័យក្នុងកញ្ចប់ថវិកាកាត់ពន្ធ ដែលបានធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារហិរញ្ញវត្ថុ និងបាននាំឲ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សនិយមរបស់លោកស្រីខ្លួនឯង។

លោកស្រីគឺជានាយករដ្ឋមន្ត្រីនៃគណបក្សអភិរក្សនិយមទី៣ ដែលបានលាលែងពីតំណែងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយទុកឱ្យគណបក្សបែកខ្ញែកគ្នាមួយនេះ ស្វែងរកមេដឹកនាំអាចបង្រួបបង្រួមបក្សដែលមានវិវាទ។ លោកស្រី Truss ដែលបាននិយាយថា លោកស្រីនឹងបន្តកាន់តំណែង រហូតដល់អ្នកជំនួសតំណែងរបស់លោកស្រីត្រូវបានជ្រើសរើស លោកស្រីបានកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ ហើយលោកស្រីវ័យ ៤៧ឆ្នាំរូបនេះគឺជានាយករដ្ឋមន្ត្រីកាន់តំណែងបានរយៈពេលតិចជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស។ មុនឈានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី លោកស្រី Liz Truss បានឈ្នះសំឡេងឆ្នោតគាំទ្រជាង ៥៧% ក្នុងការបោះឆ្នោតក្នុងគណបក្សតូរីដើម្បីជំនួសតំណែងលោក Boris Johnson ជានាយករដ្ឋមន្ត្រីអង់គ្លេស។
លោកស្រី Liz Truss ឬ Mary Elizabeth Truss កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧៥ គឺជាអ្នកនយោបាយចក្រភពអង់គ្លេសដែលជាមេដឹកនាំគណបក្សអភិរក្សនិយម ហើយត្រូវតែងតាំងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលដែលចក្រភពអង់គ្លេសប្រឈមបញ្ហាធំៗជាច្រើន។ លោកស្រី Truss ត្រូវបានជាប់ជាសមាជិកសភាក្នុងឆ្នាំ២០១០ តំណាងឲ្យសភាចក្រភពអង់គ្លេស។ លោកស្រីកាន់តួនាទីក្នុងលេខរៀងទី១ នៃឋានៈរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋ David Cameron និងជាឥស្សរជនជាន់ខ្ពស់មួយរូបដែលឈរខាងការធ្វើប្រជាមតិ ឲ្យចាកចេញពីសមាជិកសហភាពអឺរ៉ុប ឬ Brexit ឆ្នាំ២០១៦។ ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May លោកស្រី Truss កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រោយមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងរតនាគារដែលជាតំណែងខ្ពស់បំផុតទី២ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ៕
អត្ថបទ៖ សុខមាន