បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសរំសាយយុវជនចំនួន ៩រូបទៀតបន្ទាប់ពីបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីក្នុងឆ្នាំ២០២២ នេះ។
យុវជន ៩រូបដែលត្រូវចាកចេញពីបណ្ដុះបណ្ដាលបាល់ទាត់ គ្រប់គ្រងដោយសហព័ន្ធនេះរួមមានកីឡាករ យ៉ង ភូមិន្ទ, អ៊ាវ សុវណ្ណារ៉ា, ហួត វ៉ាន់ណេត, ម៉េង សុភា, សួន សាវឌី, រ៉េត លីហេង, ឃាន់ សុបិន, ហេង សុវណ្ណបញ្ញា និង ចាន់វិបុល ដាវីដ ដែលពួកគេភាគច្រើនកើតនៅឆ្នាំ២០០៤ លើកលែងកីឡាករ អ៊ាង សុវណ្ណារ៉ា និង សួន សាវឌី ដែលកើតនៅឆ្នាំ២០០៥។ តាមរយៈការប្រកាសពីការបញ្ចប់ការសិក្សារបស់យុវជនទាំង ៩រូបប្រៀបបានការជូនដំណឹងដល់បណ្ដាក្លិបនានា ក្នុងការនាំយកពួកគេទៅរួមរស់ជាមួយក្លិបដើម្បីបន្ដអាជីព និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមជាមួយលក្ខខណ្ឌងាយស្រួល ដែលសម្របសម្រួលដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគ្មានការយកកម្រៃពីក្លិបណាមួយឡើយ ដោយគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីរួមចំណែកជួយដល់ក្លិបក្នុងការកសាង និងអភិវឌ្ឍន៍ធនធានកីឡាករយុវជ ជំរុញឲ្យវិស័យបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនថែមទៀត។
គេចាំបានថា គិតចាប់ពីឆ្នាំ២០១៨ រហូតមកទល់បច្ចុប្បន្ន នៅរៀងរាល់ចុងឆ្នាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតែប្រកាសពីយុវជនតិច ឬច្រើនដែលបញ្ចប់ការសិក្សានៅសាលាបាល់ទាត់ជាតិបាទី ដើម្បីរំសាយឲ្យពួកគេបានចេញទៅប្រកបអាជីពតាមបណ្ដាក្លិបផ្សេងៗ ហើយមកទល់ពេលនេះមានយុវជនជាច្រើន ដែលកើតចេញពីមូលដ្ឋាននៅទឹកដីខេត្តតាកែវនេះ កំពុងប្រកបអាជីពជាមួយបណ្ដាក្លិបតូចធំនានា ហើយបានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាជាច្រើនដូចជា សៀង ចន្ធា, ទេស សម្បត្តិ និងកីឡាករជាច្រើនរូបទៀត៕
អត្ថបទ៖ លី ឈុនឡា