សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើសុំដល់ប្រជាពលរដ្ឋ កុំឱ្យមានការខឹងសម្បា និងបន្ទោសអ្នកណាទាំងអស់ ចំពោះការតម្រូវឱ្យពួកគេចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ដែលនៅមិនឆ្ងាយពីក្រុងសៀមរាប ប៉ុន្មានដែរនោះ គឺដើម្បីលើកតម្លៃ សម្បត្តិវប្បធម៌ដ៏មានតម្លៃនៃដូនខ្មែរ ដែលបានបន្សល់ទុកមកនេះ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទី លំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី ជាលើកទី៣ នៅព្រឹកថ្ងៃទី២១ ខែតុលា នេះ បានសំដែងនូវការកោតសរសើរចំពោះការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋទៅ រស់នៅតំបន់រុនតាឯក ដោយបានហៅការស្ម័គ្រចិត្តនេះ ថាជាភាពឆ្លាតវៃ។
សម្តេចតេជោ បានបញ្ជាក់ជាថ្មីប្រាប់ពលរដ្ឋថា មូលហេតុដែលតម្រូវឱ្យពលរដ្ឋចាកចេញពីតំបន់ អង្គរ ដោយសារតែរាជរដ្ឋាភិបាល ត្រូវតែឆ្លើយតបឱ្យបានតាមលក្ខខណ្ឌតម្រូវរបស់អង្គការយូណេស្កូ ដែល បានទទួលចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មក ដើម្បីអភិរក្ស ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ និងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកសម្បត្តិវប្បធម៌ ដ៏មាន តម្លៃជាសកល ដែលបន្សល់ទុកដោយបុព្វបុរស ដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយនោះឱ្យគង់វង្ស។
តាមការឱ្យដឹងពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង ថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានចាប់ឆ្នោតយកក្បាលដីសម្រាប់ ការរស់នៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង៕អត្ថបទ៖ មុត សុទ្ធ






