អង់គ្លេស៖ ព័ត៌មាននៃការលាលែងពីតំណែងរបស់លោកស្រី Liz Truss បានជំរុញឱ្យមានប្រតិកម្មដ៏រហ័សពីមេដឹកនាំនយោបាយ និងអ្នកអត្ថាធិប្បាយប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក ដោយអត្ថបទវិចារណកថាជាច្រើនបានផ្តោតលើរយៈពេលខ្លី នៃពេលវេលាកាន់តំណែងរបស់លោកស្រី Truss និងភាពវឹកវរនយោបាយដែលកំពុងបន្តនៅចក្រភពអង់គ្លេស។

ក្នុងចំណោមអ្នកនយោបាយបរទេស ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ក្នុងកម្រិតផ្ទាល់ខ្លួន លោកសោកស្តាយនៅពេលឃើញដៃគូរួមការងារចាកចេញទៅ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺសម្រាប់ចក្រភពអង់គ្លេស ដើម្បីស្វែងរកស្ថិរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅសេតវិមាន អ្នករាយការណ៍ព័ត៌មានបានសួរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថា តើលោកស្រី Truss បានធ្វើការសម្រេចចិត្តត្រឹមត្រូវដែរឬទេ។ លោក Biden បានឆ្លើយថា វាជាការសម្រេចចិត្តរបស់លោកស្រីក្នុងការធ្វើដូច្នេះ លោកមិនអាចថ្លឹងថ្លែងលើការសម្រេចរបស់លោកស្រីបានទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍មុន លោក Biden បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសនឹងបន្ត ហើយបានអរគុណចំពោះលោកស្រី Truss សម្រាប់ភាពជាដៃគូលើបញ្ហាជាច្រើន រួមទាំងការនាំយករុស្ស៊ីឲ្យមកទទួលខុសត្រូវចំពោះសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។
ប្រធានសភាអឺរ៉ុបលោកស្រី Roberta Metsola កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោកស្រីសង្ឃឹមថា អស្ថិរភាពក្នុងតំបន់នៅក្នុងចក្រភពអង់គ្លេស ដែលបណ្តាលមកពីការលាលែងពីតំណែងភ្លាមៗ របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss នឹងត្រូវបានដោះស្រាយបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល លោកស្រី Metsola បានព្រមានអំពីអស្ថិរភាពទីផ្សារ និងបាននិយាយថា មានបទពិសោធន៍ជាច្រើនដែលបានជួបប្រទះនៅជុំវិញពិភពលោក រួមទាំងនៅក្នុងសហភាពអឺរ៉ុប៕
អត្ថបទ៖ ប៊ុនថន