បាល់ទាត់៖ ក្រុមនាំមុខគេនៅ English Premier League កាំភ្លើងធំ Arsenal បានកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Europa League ហើយក្រោយយកឈ្នះក្រុមហូឡង់ PSV Eindhoven យប់មិញ ១-០។

គ្រាប់បាល់ជ័យជំនះមួយគ្រាប់គត់របស់ Arsenal សម្រេចបានដោយ Granit Xhaka នៅនាទីទី៧០ ដែលធ្វើឱ្យក្រុមរបស់លោក Mikel Arteta ឈ្នះពេញទាំង ៤ប្រកួតនៅក្នុងពូល A មាន ១២ពិន្ទុ។ នេះក៏ជាជ័យជំនះ ៨ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌផងដែរសម្រាប់ Arsenal តាំងពីចាញ់ Manchester United នៅ Old Trafford។ អ្វីដែល Arsenal ត្រូវធ្វើបន្ទាប់នោះគឺរកត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះដើម្បីធានាថាជាក្រុមលេខ១ ក្នុងពូល នៅពេលត្រលប់ទៅទឹកដីហូឡង់វិញសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ