ភ្នំពេញ៖ រាជរដ្ឋាភិបាល ចាត់ទុកសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យអាទិភាពនៅក្នុងការធ្វើពិពិធកម្ម និងការរក្សាចីរភាពកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងរយៈពេលវែង និងបានដាក់បញ្ចូលនៅក្នុងក្របខណ្ឌ និងកម្មវិធីស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកម្មវិធីពិភាក្សា ជាមួយសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (EuroCham) កាលពីថ្ងៃទី២០ ថា ដើម្បីឱ្យវិស័យឯកជនកាន់តែរីកធំធាត់ និងខ្លាំងឡើង ចាំបាច់ត្រូវតែមានការអភិវឌ្ឍសហគ្រិនភាព ហើយដើម្បីលើកកម្ពស់សហគ្រិនភាព គឺជាការចាំបាច់ និងត្រូវមានការគាំទ្រនៅដំណាក់កាលចាប់ផ្តើមដំបូង ឬពេលបង្កើតធុរកិច្ច គិតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការប្រតិបត្តិផ្ទាល់របស់សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីប្រមាណជិត ៤០០ តាមរយៈការកសាងសមត្ថភាព ការកសាងបណ្តាញអាជីវកម្ម និងទីផ្សារ និងរៀបចំកម្មវិធីប្រកួតប្រជែងអាជីវកម្ម ព្រមទាំងការផ្តល់ទុនចាប់ការចាប់ផ្តើមអាជីវកម្មផងដែរ។
ឯកឧត្តម បន្តថា ចំពោះវិស័យសហគ្រាសធុនតូច និងមធ្យមនេះ មានប្រមាណ ៩០ ភាគរយ នៃអាជីវកម្មនៅកម្ពុជា គឺមានសណ្ឋាននិងទម្រង់ជា SMEs ក្នុងនោះ ៨០ ភាគរយ ស្ថិតក្នុងវិស័យកម្មន្តសាល វិស័យអាហារ និងភេសជ្ជៈ ក្នុងនោះ SMEs បានចូលរួមចំណែក ប្រមាណ ៥៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុប, ៧០ ភាគរយ នៃការបង្កើតការងារ, និងប្រហែល ១៥ ភាគរយ នៃចំណូលពន្ធសរុប ក្នុងនោះមានចំណែកប្រមាណ ១០ ភាគរយ នៃការនាំចេញ និងបានចុះបញ្ជីប្រមាណ ៥ ភាគរយប៉ុណ្ណោះ។
ការណ៍នេះ បានឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធ ដែល SMEs និងធុរកិច្ចថ្មី កំពុងប្រឈម ដែលក្នុងនោះមានដូចជា៖ បន្ទុកអនុលោមភាព ដូចជាការចុះបញ្ជីអាជីវកម្ម អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ការចុះបញ្ជីផលិតផល ការចុះបញ្ជីស្តង់ដារ និងការធ្វើអធិការកិច្ច, លទ្ធភាពទទួលបានការគាំទ្រមានកម្រិត ដោយសារ SMEs ភាគច្រើនស្ថិតនៅក្រៅប្រព័ន្ធ និងកង្វះយន្តការសម្របសម្រួលនិងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ, លទ្ធភាពទទួលបានហិរញ្ញវត្ថុមានកម្រិត ដោយសារ SMEs ខ្វះកិច្ចបញ្ជីការហិរញ្ញវត្ថុត្រឹមត្រូវ ខ្វះទ្រព្យបញ្ចាំ ខ្វះដើមទុន ក៏ដូចជាខ្វះប្រភពហិរញ្ញវត្ថុហិរញ្ញវត្ថុ ពិសេសគ្រឹះស្ថានហិរញ្ញវត្ថុកម្រិតកណ្តាល ដែលបម្រើដល់តម្រូវការជាក់ស្តែងរបស់ SMEs, បញ្ហាកង្វះជំនាញ និងទេពកោសល្យ និងកត្តាផ្នត់គំនិត និងវប្បធម៌ ដែលមិនចង់ទទួលយកហានិភ័យ៕អត្ថបទ៖ សុន រ៉ាឌី