បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើដល់លោក ព្យែរ ដូមីនិក វាំងសង់ ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជួយកៀរគរអ្នកវិនិយោគជនជាតិ បារាំង ឱ្យមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តបាត់ដំបង ខណៈអាជ្ញាធរ បានត្រៀមលក្ខណៈជានិច្ចសម្រាប់ផ្ដល់កិច្ចសហការ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ព្យែរ ដូមីនិក វាំងសង់ កាលពីថ្ងៃទី២០ ខែតុលា ម្សិលមិញ នៅសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានលើកឡើងថា ខេត្តបាត់ដំបង ត្រូវការការគាំទ្រលើផ្នែកបច្ចេកទេសពី ស្ថានទូតបារាំង ដើម្បីអភិរក្សសំណង់អគារជាច្រើន ដែលបានបន្សល់ទុកពីសម័យបារាំង។
ឯកឧត្តម បានសំណូមពរដល់ភាគីបារាំង ជួយកៀរគរវិនិយោគិនបារាំងមកបណ្ដាក់ទុករកស៊ី នៅ ក្នុងខេត្តបាត់ដំបង ព្រោះខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម និងទេសចរណ៍។
ជាកិច្ចឆ្លើយតប លោក ព្យែរ ដូមីនិក វាំងសង់ បានអះអាងថា អ្នកជំនួញបារាំងមួយក្រុម គ្រោងនឹង មកកាន់ខេត្តបាត់ដំបង នៅពេលខាងមុខ ដើម្បីស្វែងយល់ពីសក្ដានុពលរបស់ខេត្ត។
លោកទីប្រឹក្សាស្ថានទូតបារាំង បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍក្រុងបាត់ដំបងទៅជាទីក្រុងបៃតង និងឆ្លាតវៃសម្រាប់បង្កលក្ខណៈងាយស្រួលដល់ការស់នៅរបស់ប្រជាជន គឺល្អប្រសើរមែនទែន ព្រោះបាត់ដំបង ជាខេត្តដ៏ធំមួយរបស់កម្ពុជា បើប្រៀបធៀបជាមួយបណ្ដាខេត្តផ្សេងៗ៕អត្ថបទ៖ នឿត សុភក្ត្រ