UN៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយយ៉ាងច្បាស់អំពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ហើយមិនបានបញ្ឈប់ទំនាក់ទំនងជាមួយទីក្រុង Moscow ទេ បន្ទាប់ពីការព្រមានរបស់រុស្ស៊ីថា កិច្ចសហប្រតិបត្តិការជាមួយក្រុមមន្ត្រីអង្គការសហប្រជាជាតិអាចជួបហានិភ័យ។
ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បាននិយាយកាលពីថ្ងៃពុធថា ទីក្រុង Moscow នឹងវាយតម្លៃការងារឡើងវិញជាមួយលោក Guterres ប្រសិនបើលោកបញ្ជូនក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីពិនិត្យយានដ្រូនដែលមហាអំណាចលោកខាងលិចនិយាយថា ដ្រូនទាំងនោះត្រូវបានផលិតក្នុងប្រទេសអ៊ីរ៉ង់ និងប្រើប្រាស់ដោយទីក្រុង Moscow ជាការរំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកអគ្គលេខាធិការបានបញ្ជាក់យ៉ាងច្បាស់អំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អំពីសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ការអត្ថាធិប្បាយនោះពុំបានបញ្ឈប់ការពិភាក្សាដែលកំពុងបន្តរបស់យើង ជាមួយសហព័ន្ធរុស្ស៊ីលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងជម្លោះទេ ដែលជារឿងចម្បងបំផុតក្នុងចំណោមបញ្ហាផ្សេងៗដែលយើងបានដោះស្រាយ។ ក្រុមប្រឹក្សាសន្តិសុខបានជួបគ្នាកាលពីថ្ងៃពុធ ស្ដីពីការប្រើប្រាស់យានដ្រូនរបស់រុស្ស៊ីនៅអ៊ុយក្រែន តបតាមសំណើរបស់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេសដែលលើកឡើងថា យានដ្រូនទាំងនោះត្រូវបានផលិតដោយអ៊ីរ៉ង់ និងប្រើប្រាស់ដោយទីក្រុង Moscow ជាការរំលោភលើសេចក្ដីសម្រេចឆ្នាំ២០១៥ គាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕
អត្ថបទ៖ សុខមាន