ភ្នំពេញ៖ ក្រុមអ្នកវិនិយោគិនរបស់កូរ៉េខាងត្បូង បានសម្តែងការរីករាយ និងមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមើលឃើញកម្ពុជាមានសុខសន្តិភាព និងមានសក្តានុពលពលកម្មច្រើន ហើយពួកគេនឹងមកប្រទេសកម្ពុជានាពេលឆាប់ៗ ខាងមុខនេះ ។
ការឆ្លើយតបនូវភាពវិជ្ជមានរបស់ក្រុមអ្នកវិនិយោគិនរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺបានធ្វើ ឡើងនៅក្នុងកិច្ចជំនួបជាមួយប្រតិភូរាជរដ្ឋាភិបាល និងសហគ្រិនកម្ពុជា ក្នុងឱកាសដែលបានទៅទស្សនកិច្ចនៅកូរ៉េមួយសប្តាហ៍គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។
ក្រុមអ្នកវិនិយោគរបស់កូរ៉េបានថ្លែងថា« ដោយផ្អែកលើសក្តានុពលនៃវិស័យវាយនភណ្ឌ គោលនយោបាយរបស់រាជរដ្ឋាភិបាល រួមនិងកិច្ចសហការភាពជាដៃគូនៃក្រុមអ្នកវិនិយោគិនក្នុងប្រទេសកម្ពុជាផងនោះ ពួកគេនឹងអញ្ជើញមកទសន្សកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិនិត្យគំរោងវិនិយោគរបស់កម្ពុជា និងនាំយកបច្ចេកវិជ្ជាទំនើបចុងក្រោយ ដែលអាចជួយដល់វិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជាផងដែរ»។
សូមបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រតិភូរាជរដ្ឋាភិបាល និងក្រុមសហគ្រិនកម្ពុជានេះ បានជួបពិភាក្សាជាមួយនាយកក្រុមហ៊ុនល្បីៗប្រចាំប្រទេសកូរ៉េជាច្រើនរូប និងបានស្វែងយល់អំពីលក្ខណៈបច្ចេកវិជ្ជាទំនើបចុងក្រោយ រួមទាំងអត្ថប្រយោជន៍ជាច្រើន នៃគម្រោងខាងលើ ហើយភាគីកម្ពុជាបានលើកឡើងអំពីសក្តានុពលនៃវិស័យវាយនភណ្ឌក្នុងប្រទេសកម្ពុជា ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលសម្រាប់វិនិយោគិនក្រៅស្រុក និងបានបង្ហាញពីភាពខ្លាំងរបស់វិនិយោគិនម្ចាស់ស្រុក ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់វិនិយោគិនក្រៅប្រទេស អាចមានឱកាសចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់





