ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា មនុស្សដល់ទៅ ២៧៧នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលសុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការន៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញរហូតដល់ ២០៤នាក់ ខេត្តស្វាយរៀង ៤៣នាក់ ខេត្តកណ្ដាល ២៣នាក់ ខេត្តពោធិ៍សាត់ ៣នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តព្រះសីហនុ ១នាក់ និងខេត្តតាកែវ ១នាក់។
គិតមកដល់ថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៤ ៥១៥នាក់ហើយបានឆ្លងមេរោគកូវីដ១៩គិតចាប់តាំងពីចុងខែមករាឆ្នាំមុនមក ក្នុងនោះករណីឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈមានរហូតដល់ទៅ ៣ ៩៨២នាក់ ឬស្មើនឹង ៨៨ភាគរយនៃអ្នកឆ្លងមេរោគកូវីដ១៩សរុប។
ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ៦០នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយក្រោយព្យាបាលជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមាន ២ ២១២នាក់ ឬស្មើនឹងជិត ៥០ភាគរយនៃអ្នកជំងឺកូវីដ១៩សរុប៕ អត្ថបទ៖ សុខ ធី




