បន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះចាក់វ៉ាក់សាំងបង្ការការពារជំងឺអ៊ុតក្តាម លើគោ ក្របី ចំនួន ១០០០ក្បាល ជូនដល់ប្រជាពលរដ្ឋរស់នៅចំណុចឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០២២នេះ។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ផ្តើមធ្វើការវ៉ាក់សាំងដើម្បីបង្ការការពារជំងឺឆ្លង អ៊ុតក្តាម ដល់សត្វពាហណៈគោ ក្របី របស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាប្រឈមជំងឺឆ្លងនានា ដែលអាចកើតឡើងរាតត្បាតលើសត្វពាហណៈ បន្ទាប់ពីទឹកជំនន់បានស្រកនោះ ។
ទន្ទឹមគ្នានោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តការយកចិត្តទុកដាក់ក្នុងការតាមដានជាប្រចាំចំពោះសត្វពាហណៈណាដែលមានសុខភាពមិនប្រក្រតីនោះ ត្រូវប្រញាប់រួសរាន់ផ្តល់ដំណឹងដល់មន្រ្តីជំនាញក្នុងមូលដ្ឋានឲ្យឆាប់ ដើម្បីធ្វើការសង្គ្រោះឱ្យបានទាន់ពេលវេលាជៀសវាងការខាតបង់របស់បងប្អូន៕ អត្ថបទ៖ ឃិន សារិទ្ធ







