
សៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ នៅខេត្តសៀមរាបជាងពីរពាន់នាក់។
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់រុនតាឯក នៅស្រុកបន្ទាយស្រីខេត្តសៀមរាប នៅពេលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បន្តមក នៅពេលរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តសៀមរាប។
អំឡុងពេលអានរបាយការណ៍សង្ខេបជូនសម្តេចតេជោ នៅក្នុងពិធីនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ទុកវត្តមានរបស់សម្តេចតេជោនៅពេលនេះថាជាការបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោយ៉ាងខ្លាំងចំពោះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ និងជាមោទកភាពសម្រាប់រដ្ឋបាលខេត្តសៀមរាប។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ពីធីជួបសំណេះសំណាលនៅពេលនេះ គឺជាលើកដំបូងបន្ចាប់ពីខកខានចាប់តាំងពីឆ្នាំ ២០១៦ មក។
សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋបាលខេត្តសៀមរាប ហើយកន្លងទៅ ខេត្តសៀមរាប បានផ្លាស់ប្តូរនៅមុខមាត់ថ្មីដោយទទួលបាននូវការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះបានយ៉ាងល្អប្រសើរ៕ អត្ថបទ៖ ជា ធីរិទ្ធ






