ភ្នំពេញ៖ គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយនៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២២នេះបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) លើកទី១០ និងសន្និសីទភាគីនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនិងការឆ្លើយតបបន្ទាន់ COP to AADMER Conference of Parties- AADMER លើកទី១១ ព្រមទាំងកិច្ចប្រជុំនិងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អានុពុង់ ផាវចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំ AMMDM នៅក្នុងឆ្នាំ ២០២២នេះ ដែលមានប្រតិភូអញ្ជើញមកចូលរួមក្នុងអង្គសន្និសីទនេះ រួមមានរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នគ្រប់គ្រងគ្រងគ្រោះមហន្តរាយតំណាងប្រទេសទាំង១០របស់អាស៊ាន, លេខាធិការដ្ឋានអាស៊ាន, និងមជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន(AHA Center)។
រដ្ឋមន្រ្តីប្រធានប្រតិភូ និងតំណាងលេខាធិការដ្ឋានអាស៊ាន ត្រូវបានអញ្ជើញឲ្យចូលរួមថ្លែងសន្ទរកថាទៅតាមប្រទេសនីមួយៗស្តីពី ប្រធានបទនៃទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ”៕ អត្ថបទ ៖ ឧត្ដម





