ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាស នៅថ្ងៃនេះថា ស្ត្រីជនជាតិខ្មែរម្នាក់ទៀតអាយុ ៦១ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី១១ ខែមេសាម្សិលមិញនេះ ដែលនាំឱ្យចំនួនមនុស្សស្លាប់ដោយសារកូវីដ១៩ កើនដល់ ៣០នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា ស្ត្រីវ័យ៦១ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានស្លាប់នៅម៉ោង ៦កន្លះល្ងាចថ្ងៃម្សិលមិញនេះ បន្ទាប់ពីសួតទាំងសងខាងរបស់គាត់បានរលាកធ្ងន់ធ្ងរដោយសារការវាយប្រហារពីមេរោគកូវីដ១៩ ខណៈស្ត្រីរូបនេះ មានជំងឺទឹកនោមផ្អែមប្រចាំកាយទៀត។
បើតាមក្រសួងសុខាភិបាល ស្ត្រីរូបនេះត្រូវបានរកឃើញឆ្លងកូវីដ១៩បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែកាលពីយប់ថ្ងៃទី៣០ ខែមីនា ក្រោយពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
គិតមកដល់ថ្ងៃនេះ កម្ពុជាមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩សរុប ៣០នាក់ហើយនៅក្នុងរយៈពេលត្រឹម ១ខែប៉ុណ្ណោះ បន្ទាប់ពីករណីស្លាប់ដំបូងត្រូវបានប្រកាសកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕
