ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។
តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕


