ភ្នំពេញ៖ ក្នុងបេសកកម្មស្នាក់នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២២ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបន្តជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋចំនួន ៣២០០គ្រួសារដែលបានស្ម័គ្រចិត្តរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់ពាក់ស្នែង ក្នុងស្រុកអង្គរធំ។
ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ បានរម្លឹកពីអតីតកាលដែលតំបន់ពាក់ស្នែងក៏ជាសមរភូមិដែរ ប៉ុន្តែឥឡូវនេះបានក្លាយទៅជាតំបន់អភិវឌ្ឍដោយបានស្នើឱ្យក្រុមការងារទាំងអស់ខិតខំរៀបចំឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនបងប្អូនបានមករស់នៅផ្លាស់ប្តូររើលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរមកតំបន់អភិវឌ្ឍពាក់ស្នែងនេះ។សម្តេចបានហៅការចាកចេញរបស់បងប្អូនពីតំបន់អាទិភាពរមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍនេះ ជាការសម្រេចចិត្តដ៏វៃឆ្លាត ដើម្បីទទួលបាននូវកម្មសិទ្ធិដ៏ស្របច្បាប់។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអរគុណចំពោះការយោគយល់របស់ប្រជាពលរដ្ឋយើងដែលមានការយោគយល់ដល់រាជរដ្ឋាភិបាលលើគោលនយោបាយផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅតំបន់ពាក់ស្នែងនេះដែលនេះជាការយោគយល់ដល់ជាតិយើងទាំងមូល។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោលនយោបាយឧបត្ថម្ភនានាដូចនឹងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ x៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ឧបត្ថម្ភ គាំទ្ររយៈពេល១០ឆ្នាំ ការទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំនិង បានផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០ម៉ឺនរៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋទាំងអស់នេះទាំងនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះ៕









