ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប៉ាគីស្ថាន កាលពីថ្ងៃសុក្របានដកសិទ្ធិអតីតនាយករដ្ឋមន្ត្រីលោក Imran Khan មិនឲ្យកាន់តំណែងសាធារណៈរយៈពេលប្រាំឆ្នាំបន្ទាប់ពីបានរកឃើញថា លោកបានលក់សម្បត្តិរដ្ឋដោយខុសច្បាប់ និងលាក់បាំងទ្រព្យសម្បត្តិក្នុងនាមជានាយករដ្ឋមន្ត្រី។

អ្នកគាំទ្រលោក Imran Khan ដែលខឹងសម្បារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ នៅខាងក្រៅទីស្នាក់ការគណៈកម្មាការក្នុងរដ្ឋធានី Islamabad ដោយស្រែកប្រឆាំងសេចក្តីសម្រេចរបស់គណៈកម្មការ។ កងកម្លាំងសន្តិសុខ និងទាហានប៉ារ៉ាបានបិទបរិវេណនៅគណៈកម្មការរៀបចំការបោះឆ្នោត ដោយរារាំងហ្វូងមនុស្សមិនឱ្យចូលទៅខាងក្នុង។ រដ្ឋាភិបាលបានពង្រាយកម្លាំងសន្តិសុខបន្ថែមទៀតក្នុងទីក្រុង Islamabad ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់។ ការដាក់ពង្រាយកងកម្លាំងនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោក Khan ត្រូវបានគេរំពឹងថានឹងប្រកាសបាតុកម្មមួយទៀតនៅទីក្រុង Islamabad ដើម្បីបង្ខំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Shahbaz Sharif រៀបចំការបោះឆ្នោតបន្ទាន់។

ចំណាត់ការនេះទំនងជាធ្វើឱ្យមានភាពវឹកវរ ផ្នែកនយោបាយកាន់តែខ្លាំងនៅក្នុងប្រទេសឥស្លាមក្រីក្រមួយនេះ ដែលកំពុងតស៊ូក្នុងបញ្ហាសេដ្ឋកិច្ចដែលកំពុងកើនឡើង ដូចជាកង្វះស្បៀងអាហារ និងផលវិបាកនៃទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកក្នុងរដូវក្តៅនេះ ដែលបណ្តាលឲ្យមនុស្ស ១,៧២៥នាក់ស្លាប់ ជម្លៀសមនុស្សរាប់សែននាក់ និងបង្កឱ្យមានជំងឺគ្រុនចាញ់ និងជំងឺផ្សេងទៀតដែលទាក់ទងនឹងទឹកជំនន់។ ការប្រកាសរបស់គណៈកម្មការធ្វើឡើងនៅពេលដែលលោក Khan ដែលត្រូវបានបណ្តេញចេញពីការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅក្នុងសភាកាលពីខែមេសា បាននឹងកំពុងប្រមូលផ្តុំអ្នកគាំទ្រប្រឆាំងរដ្ឋាភិបាលថ្មី និងអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់៕
អត្ថបទ៖ ប៊ុនថន