ភ្នំពេញ៖ គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានចំនួនជាង ៤១ពាន់លានដុល្លារអាម៉េរិក (៤១.០២៣លានដុល្លារ) កើនឡើងប្រមាណ ១៨ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១។
ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ជំនួបការងារ រវាងឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិខាងការងារ និងតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) កាលពីរសៀលថ្ងៃទី២១ ខែតុលាកន្លងទៅ បានឲ្យដឹងថា ជាមួយលទ្ធផលខាងលើនេះ ការនាំចេញមានចំនួនជាង ១៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២ភាគរយ និងការនាំចូលជាង ២៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥ភាគរយ។
ប្រភពដដែល បានរៀបរាប់បន្តថា មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ សំលៀកបំពាក់, សម្ភារៈធ្វើដំណើរ និងកាបូប, ស្បែកជើង, ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី, គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ និងកង់-ល-។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម ILO-Tokyo office និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ក្នុងការកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ កាត់ដេរសំលៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យផ្សេងៗទៀត បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែលទិញពីកម្ពុជា ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។ បន្ថែមលើនេះ កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជាយន្តការក្នុងការជំរុញឱ្យមានការបញ្ជារទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី


